សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សំណុំរឿងអតីតឧកញ៉ា ស្រី ស៊ីណា ជាករណីដំបូង ដែលសំណងទឹកប្រាក់មានជាង ២លានដុល្លារ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សំណុំរឿងបាញ់ប្រហារ ប្រព្រឹត្តដោយអតីតឧកញ៉ា ឈ្មោះ ស្រី ស៉ីណា ជាករណីដំបូងហើយ ដែលសំណងទឹកប្រាក់មានដល់ទៅជាង ២លានដុល្លារអាមេរិក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យធនធានមនុស្សជាង ១ពាន់នាក់ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។
ករណីឃាតកម្មដ៏សាហាវឃោឃៅ ដែលប្រព្រឹត្តឡើងដោយឧក្រិដ្ឋជន ឈ្មោះ ស្រី ស៉ីណា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ជាអតិបរមាតាមច្បាប់ សរុបទាំង ៣សំណុំរឿង មានរហូតដល់ទៅ ៣១ឆ្នាំ ជាមួយសំណងជាប្រាក់សរុប ២លានដុល្លារ សម្រាប់អ្នកស្លាប់ និងរបួស ៥០ម៉ឺនដុល្លារ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «លើកនេះ ដូចជាប់ទោស ៣១ឆ្នាំ ហើយត្រូវបង់សំណង ២លានកន្លះ។ លើកទី១ ហើយ ដែលសំណងសម្រាប់ជនរងគ្រោះមួយរូប មួយគ្រួសារ ១លានដុល្លារ»។
បើតាម សម្តេចធិបតី ហ៊ុន ម៉ាណែត នេះជាការសោកស្តាយ ដែលការបង្កជម្លោះរហូតមានការបាត់បង់ជីវិត ខណៈរឿងលុយមិនអាចយកមកសងជីវិតមនុស្សបាននោះទេ។ ប៉ុន្តែ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត យល់ថា ការកាត់ក្តីនេះ បានបង្ហាញពីការទទួលខុសត្រូវ និងការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ ជាពិសេសទោះបីមានងារជាឧកញ៉ាក៏ដោយ ក៏នៅទទួលខុសត្រូវចំពោះមុខច្បាប់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ក្តីសង្ឃឹមថា ការកាត់ទោសមួយនេះ ជាសារសំខាន់សម្រាប់មនុស្សទាំងអស់ កុំឲ្យប្រព្រឹត្តអំពើបែបនេះ ហើយការកាត់ទោសបែបនេះ ក៏ជាការផ្តល់យុត្តិធម៌ដល់សង្គមផងដែរ។
គួរជម្រាបថា ករណីឃាតកម្មបាញ់ប្រហារដ៏រន្ធត់មួយនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ បណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ ដែលជាគូដណ្ដឹងនឹងគ្នា និង២នាក់ផ្សេងទៀតរងរបួស៕