ទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក ប្រាក់ដុល្លារ ទិន្នផលប័ណ្ណរតនាគារ ក៏ដូចជាគ្រីបតូ បានកើនឡើង ក្រោយលទ្ធផលនៃការនាំមុខរបស់លោក ត្រាំ
អាមេរិក៖ ផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិក ប្រាក់ដុល្លារ ទិន្នផលប័ណ្ណរតនាគារ ក៏ដូចជាគ្រីបតូ បានកើនឡើង ដែលបង្ហាញថា អ្នកវិនិយោគិនមានទំនោរជឿថា លោក ត្រាំ អាចនឹងឈ្នះការបោះឆ្នោត ជាជាងលោកស្រីអនុប្រធានាធិបតី ខាម៉ាឡា ហារីស របស់គណបក្សប្រជាធិបតេយ្យ ទោះបីជាលទ្ធផលយ៉ាងណាមិនទាន់អាចកំណត់បាននៅឡើយក្ដី។ ទីផ្សារភាគហ៊ុន គ្រីបតូ ក៏ដូចជាមូលបត្រ ត្រូវបានគេចាត់ទុកថាជា «ពាណិជ្ជកម្ម ត្រាំ» ដែលគេសំដៅលើឧបករណ៍ពាណិជ្ជកម្ម ដែលអាចទទួលបានផលចំណេញ ប្រសិនបើ ត្រាំ ឈ្នះឆ្នោត។នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ពេលបញ្ចប់ការជួញដូរកាលពីថ្ងៃអង្គារ ផ្សារហ៊ុន S&P 500 បានកើនឡើងប្រមាណ ១,២ ភាគរយ, Nasdaq កើន ១,៣ ភាគរយ ក៏ដូចជា Dow កើនឡើង ១ ភាគរយ រួចជាមួយកំណើនរបស់ផ្សារភាគហ៊ុនផ្សេងៗទៀត។ នៅក្នុងទីផ្សាររូបិយប័ណ្ណ សន្ទស្សន៍តម្លៃប្រាក់ដុល្លារ បានកើនឡើង ១,៥ ភាគរយ។
គួរគូសបញ្ជាក់ថា វិស័យនៃទីផ្សារអាចឡើងឬចុះខុសគ្នា ដោយផ្អែកលើបេក្ខជននាំមុខក្នុងលទ្ធផលបោះឆ្នោត រាល់ពេលនៃការបោះឆ្នោតប្រធានាធិបតី។ ការនាំមុខលើរបស់ លោកស្រី ហារីស អាចជំរុញឱ្យមានការកើនឡើងនៃទីផ្សារថាមពលបៃតង និងផ្សារភាគហ៊ុននៃផលិតកម្ម ព្រោះគោលនយោបាយរបស់លោកស្រីជំរុញឱ្យមានការចំណាយច្រើន លើហេដ្ឋារចនាសម្ព័ន្ធ ថាមពលស្អាត និងកម្មវិធីសង្គម។
សូមបញ្ជាក់ថា មានអ្នកវិភាគលើកឡើងថា ការនាំមុខរបស់ លោក ត្រាំ នឹងអនុគ្រោះដល់វិស័យថាមពល ហិរញ្ញវត្ថុ និងឧស្សាហកម្ម ដោយអ្នកវិនិយោគរំពឹងថានឹងបន្តកាត់បន្ថយពន្ធ និងជំហរបទប្បញ្ញត្តិក្នុងស្រុកដែលធូរស្រាលជាដើម៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង