អ៊ុយក្រែន ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសថា ទីក្រុងកៀវនិងវ៉ាស៊ីនតោន នឹងបញ្ជូនគណៈប្រតិភូទៅអារ៉ាប៊ីសាអូឌីត ដើម្បីចរចាបញ្ចប់សង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែននៅសប្តាហ៍ក្រោយ។

«ខ្ញុំនឹងទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតនៅថ្ងៃទី១០ ខែមីនា ហើយជួបជាមួយព្រះអង្គម្ចាស់ Mohammed bin Salman ក្នុងទីក្រុងរីយ៉ាដ។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីភាពតានតឹងរវាងលោក ហ្សេលេនស្គី និងប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD Vance នៅសេតវិមានកាលពីសប្តាហ៍មុន។ ក្រោយមកលោក ហេ្សលេនស្គី មានការសោកស្ដាយចំពោះកិច្ចពិភាក្សានេះ ហើយបានលើកឡើងថា វាដល់ពេលត្រូវដោះស្រាយរឿងនេះឲ្យឆាប់រហ័ស។

លោក Steve Witkoff បេសកជនពិសេសរបស់អាម៉េរិកសម្រាប់តំបន់មជ្ឈិមបូព៌ា នឹងធ្វើដំណើរទៅកាន់អារ៉ាប៊ីសាអូឌីត ដើម្បីតំណាងឱ្យប្រធានាធិបតីអាម៉េរិកក្នុងការចរចា។លោក Witkoff បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅសេតវិមានកាលពីថ្ងៃទី៦ ខែមីនា ថា ៖« យើងកំពុងពិភាក្សាអំពីការសម្របសម្រួលកិច្ចប្រជុំជាមួយអ៊ុយក្រែននៅរីយ៉ាដ។ កិច្ចប្រជុំអាចដាក់ចេញនូវក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាព និងបទឈប់បាញ់ជាបឋម»។

បើតាមលោក Witkoff កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង បន្ទាប់ពីមន្ត្រីអាម៉េរិកមានទំនុកចិត្តថា ទីបំផុតអ៊ុយក្រែនកំពុងយកចិត្តទុកដាក់អំពីកិច្ចចរចាសន្តិភាព។យ៉ាងណាមិញ ប្រធានាធិបតី ត្រាំ បាននិយាយថា អ៊ុយក្រែនចង់ឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ព្រោះវាមិនមានជម្រើសផ្សេងទៀតទេ។ លោក ត្រាំ បានសង្កត់ធ្ងន់ថា ៖«រុស្ស៊ីក៏ចង់ឈានដល់កិច្ចព្រមព្រៀងមួយដែរ ពីព្រោះពួកគេគ្មានជម្រើសផ្សេងទេ មានតែខ្ញុំទេដែលដឹងរឿងនេះ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ