គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មករ របួសធ្ងន់ស្រាល ៦១នាក់ ខូចខាតម៉ូតូចំនួន ១គ្រឿង និងរថយន្តចំនួន ២គ្រឿង
កំពង់ស្ពឺ ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ៤ ចម្លោះគីឡូម៉ែត្រលេខ៣៥-៣៦ ត្រង់ចំណុចភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង មានគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ដ១គ្រឿងម៉ាកហ៊ីយិនដាយ ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ 3A-1352 ដោយបានបុករថយន្ត និងម៉ូតូមួយគ្រឿងបណ្តាលឲ្យរងរបួសសរុបប្រមាណ៦១នាក់។
អ្នកបើករថយន្តមានឈ្មោះ តន សុខទីន ភេទប្រុស អាយុ២១ឆ្នាំ បានរត់គេចខ្លួនក្រោយពេលកើតហេតុ ដែលនៅលើរថយន្តមានកម្មករ-កម្មការិនីប្រមាណ៦០នាក់ជិះ។
លោកវរសេនីយ៍ឯក ឃុត សុផល អធិការស្រុកសំរោងទង ប្រាប់ឲ្យដឹងថា រថយន្តដឹកកម្មករ-កម្មការិនី បើកបរពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចខាងលើបានបុកប៉ះពីក្រោយរថយន្ដ១គ្រឿងម៉ាក កៀម៉នីង ពណ៌លឿងទុំ ពាក់ផ្លាកលេខព្រះសីហនុ 2B-5456 បើកបរដោយឈ្មោះ ឈឹម សោភា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិក្រាំងខ្វាវ ឃុំគីរីវ័ន្ដ ស្រុកភ្នំស្រួច ខេត្តកំពងស្ពឺ កំពុងបើកបរស្របទិសគ្នា។
បន្ទាប់មករថយន្ដ ម៉ាកហ៊ីយិនដាយ ដែលដឹកកម្មករបានជ្រុលទៅប៉ះម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1KE-9184 បើកបរដោយឈ្មោះ ថៃ សេង ភេទប្រុស អាយុ៣៥ឆ្នាំ ឌុបមនុស្សចំនួន២នាក់។
លោកអធិការស្រុកសំរោងទង បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលរបួសស្រាលសរុប៦១នាក់ ក្នុងមានស្រី៥២នាក់។ ខូចម៉ូតូចំនួន០១គ្រឿង ខូចរថយន្ត២គ្រឿង១គ្រឿង។ បច្ចុប្បន្នវត្ថុតាងទាំង៣គ្រឿង រក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំត្រពាំងគង៕EB