ស្វាយរៀង៖ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង ចុះបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ និងកែច្នៃសារធាតុញៀន ចាប់ខ្លួនវៀតណាម ៥នាក់ រួមវត្ថុតាងថ្នាំញៀន និងសារធាតុមិនច្បាស់នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

អគ្គស្នងការដ្ឋាននគរបាលជាតិថា កាលពីថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២៤ សមត្ថកិច្ចជំនាញ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ និងកែច្នៃដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ 

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន ៥នាក់(ស្រី០១នាក់)រួមមាន៖ ទី១.ឈ្មោះ វ៉ាង ញីវិន អាយុ២៨ឆ្នាំ ម្ចាស់ទីតាំងបន្ទប់ជួល រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ទី២.ឈ្មោះ ដូ ទៀនទុង អាយុ៣៦ឆ្នាំ។ ទី៣.ឈ្មោះ ឡុង ធឹងលឹម អាយុ២៤ឆ្នាំ។ ទី៤.ឈ្មោះ ង្វៀង ម៉ាន់ទៀន អាយុ៣៤ឆ្នាំ និង ទី៥.ឈ្មោះ ដង ធីភឿង ភេទស្រី អាយុ២៥ឆ្នាំ។ ជនសង្ស័យទាំងនោះ មុខរបរមិនពិតប្រាកដ បច្ចុប្វន្នស្នាក់នៅបណ្តោះអាសន្នបន្ទប់ជួលកន្លែងកើតហេតុ។

វត្ថុតាងចាប់យកបាន ថ្នាំញៀន កេតាមីន មេតំហ្វេតាមីន និងអ៊ិចស្តាស៊ី ១, ៦៣គីឡូក្រាម  និងសារធាតុមិនច្បាស់លាស់ ២,២៦គីឡូក្រាម ម្សៅកញ្ចប់ម៉ាក Extrajoss ចំនួន ០៨ប្រអប់ ទឹកថ្នាំម៉ាក Lyyfeeling ១០ដប ទឹកថ្នាំដបពណ៌ទឹកដោះគោ៦ដប ម្សៅម៉ត់ពណ៌សម៉ាក Clearama ទម្ងន់ ២៥ គីឡូក្រាម ទឹកអាល់កុល២៥លីត្រ ជញ្ជីងថ្លឹងថ្នាំញៀន៣គ្រឿង ម៉ាស៊ីនអ៊ុតមាត់ថង់ ៤គ្រឿង ម៉ាស៊ីនក្រឡុក៣គ្រឿង ម្សៅល្មៀត១ដប ទូរសព្ទដៃ៨គ្រឿង រថយន្ត១គ្រឿង ម៉ូតូ១គ្រឿង លិខិតឆ្លងដែន៣ក្បាល កាតធនាគារ៣ ព្រមទាំងឧបករណ៍កែច្នៃ សម្ភារវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ ក្រោយឃាត់ខ្លួនបច្ចុប្បន្នជនសង្ស័យជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ