ក្រសួងធម្មការ ណែនាំវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីអបអរសាទរ ថ្ងៃបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ
ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានណែនាំដល់មន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត រៀបចំ វាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក នៅតាមវត្តអារាមសាសនា ដើម្បីអបអរសាទរ ថ្ងៃបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» នៅថ្ងៃទី៥ ខែសីហាឆ្នាំ២០២៤ខាងមុខនេះ។
នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩:៩នាទីព្រឹក ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំពិធីបើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងក្លាយជាកេរ្តិ៍មរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមលិខិតផ្ញើជូន ប្រធានមន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ក្រសួង បានធ្វើការណែនាំដូចជា៖
១. ត្រូវសហការជាមួយ ព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ និងមេដឹកនាំគ្រប់សាសនា រៀបចំ វាយ គង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដោយបន្លឺជាសំឡេងឲ្យបានកងរំពង នៅតាម ទីអារាមសាសនា ដូចជា វត្ត មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា ស្នាក់ការ ស៊ូរ៉ាវ ឱ្យបានព្រមៗគ្នា។
២.ត្រូវបង្កលក្ខណៈនៅតាមអារាមសាសនានីមួយៗ ដើម្បីឲ្យបរិស័ទទាំងអស់បានចូលរួមអបអរសាទរ ឲ្យបានឱឡារិកអធិកអធម។
សូមជម្រាបជូនថា គម្រោងផ្លូវនាវាចរណ៍នេះ បានទទួលការអនុម័តគាំទ្រពីរាជរដ្ឋាភិបាលនីតិកាលទី៦ ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ដោយបានប្រសិទ្ធនាមថាគម្រោង “ព្រែកជីកហ្វូណនតេជោ” ហើយក្នុងនោះកម្ពុជាបានបំពេញគ្រប់លក្ខខណ្ឌរួចរាល់នូវកាតព្វកិច្ចជូនដំណឹងអំពីគម្រោងនេះទៅគណៈកម្មការទន្លេមេគង្គ(គណៈកម្មការរួម) តាមរយៈគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា៕EB