អាមេរិក៖ កំពូលមហាសេដ្ឋីអាមេរិក លោក Elon Musk ដែលកំពុងដឹកនាំកិច្ចប្រឹងប្រែង របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ពួកគេកំពុងតែធ្វើការ ដើម្បីបិទទ្វារទីភ្នាក់ងារផ្តល់ជំនួយបរទេស របស់សហរដ្ឋអាមេរិក គឺ USAID។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក Musk បានលើកឡើងថា ទីភ្នាក់ងារ USAID គឺលែងអាចស្រោចស្រង់បានហើយ ហើយលោក ត្រាំ បានគាំទ្រឱ្យបិទទីភ្នាក់ងារនេះចោលតែម្តង។ កាលពីថ្ងៃអាទិត្យកន្លងទៅ Reuters ទើបតែរាយការណ៍ថា រដ្ឋបាលលោក ត្រាំ បានបណ្តេញមន្រ្តីសន្តិសុខកំពូល២រូប នៅ USAID ក្រោយពីពួកគេបានព្យាយាមរារាំង ក្រុមអ្នកតំណាងមកពីស្ថាប័នប្រសិទ្ធភាពរដ្ឋាភិបាល ហៅកាត់ DOGE របស់លោក Musk មិនឱ្យចូលទៅកាន់ផ្នែកត្រូវបានហាមឃាត់ នៃអគាររបស់ USAID។

គួរបញ្ជាក់ថា USAID គឺជាអ្នកបរិច្ចាគជំនួយធំជាងគេបង្អស់ នៅលើពិភពលោក។ USAID បានផ្តល់នូវ៤២ភាគរយ នៃជំនួយមនុស្សធម៌ទាំងអស់ ដែលត្រូវបានតាមដានដោយអង្គការសហប្រជាជាតិ កាលពីឆ្នាំ២០២៤ ហើយមានបុគ្គលិកច្រើនជាង ១០ ០០០នាក់។ លោក ត្រាំ បានចេញបញ្ជាឱ្យផ្អាកជាសកល នូវជំនួយបរទេសអាមេរិកស្ទើរតែទាំងអស់ ក្រោមគោលនយោបាយ America First របស់លោក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ