លោក ប៉ែន បូណា ៖ ព័ត៌មានក្លែងក្លាយជាមេរោគបំពុលសង្គមដ៏គ្រោះថ្នាក់ ដែលយើងទាំងអស់គ្នា ត្រូវដើរតួជាវ៉ាក់សាំងដើម្បីបន្សាប
កណ្ដាល ៖ ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា បច្ចុប្បន្ន ក្រុមប្រឆាំងជ្រុលនិយមនិងបណ្តាញឃោសនារបស់គេពីក្រៅស្រុកមួយចំនួន បាននិងកំពុងប្រើប្រាស់ព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ ញុះញង់គ្រប់បែបយ៉ាងជាអាវុធយុទ្ធសាស្ត្រ ដែលជាមេរោគបំពុលសង្គមដ៏គ្រោះថ្នាក់។
ប៉ុន្តែ យើងទាំងអស់គ្នាគឺជាវ៉ាក់សាំងការពារនិងបន្សាបមេរោគទាំងនោះតាមរយៈសកម្មភាពបុរេសកម្ម បញ្ចេញព័ត៌មានពិតដែលរាជរដ្ឋាភិបាលបានខិតខំធ្វើដើម្បីប្រទេសជាតិនិងប្រជាពលរដ្ឋ។
លោក ប៉ែន បូណា សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាបានលះបង់គ្រប់បែបយ៉ាង ដើម្បីប្រទេសជាតិនិងប្រជាជនដោយដាក់ជីវិតជាដើមទុន ដើម្បីទាមទារសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋខ្មែរ និងបានកសាងប្រទេសពីគំនរផេះផង់រហូតសម្រេចបានសមិទ្ធផលធំធេងមិនធ្លាប់មានពីមុន។
ហើយពេលនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់ ដើម្បីលើកស្ទួយមោទនភាពនិងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋខ្មែរ។ ដូច្នេះ យើងទាំងអស់គ្នាមិនអនុញ្ញាតឱ្យអ្នកណាមកកាឡៃការពិត និងរារាំងដំណើរឆ្ពោះទៅមុខរបស់រាជរដ្ឋាភិបាលបានឡើយ។
ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងឱកាសដែល លោក ចូលរួមជាអធិបតីនិងជាវាគ្មិនក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីព័ត៌មាន និងអ្នកនាំពាក្យនៃរដ្ឋបាលខេត្តកណ្តាល នៅឯសាលាខេត្តកណ្តាល នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤៕