ហ្វីលីពីន ៖ អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីន បានបង្គាប់ឱ្យប្រជាជនរស់នៅក្បែរភ្នំភ្លើងមួយ ស្ថិតនៅភាគកណ្ដាលនៃប្រទេសជម្លៀសខ្លួនទៅកន្លែងមានសុវត្ថិភាព នៅព្រឹកថ្ងៃអង្គារ ទី៤ ខែមិថុនានេះ បន្ទាប់ពីការផ្ទុះភ្នំភ្លើងជះផេះ៥គីឡូម៉ែត្រទៅលើមេឃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ជាមួយការចេញបង្គាប់ឱ្យជម្លៀសខ្លួន ក្រុមមន្ត្រីហ្វីលីពីនក៏បានព្រមានដែរពីលទ្ធភាពនៃការផ្ទុះសាជាថ្មីនៃភ្នំភ្លើង Kanlaon ដែលអាចបញ្ចេញផេះ និងជះក្លិន អាស៊ីដស៊ុលហ្វរីក ប៉ះពាលដល់សុខភាព ព្រមទាំងគ្រោះទឹកជំនន់ភ្លាមៗ ល្បាប់ភក់ និងគ្រោះថ្នាក់ផ្សេងទៀត។

 នៅក្នុងសេចក្ដីជូនដំណឹងមួយ ក្រុមមន្ត្រីហ្វីលីពីន បានបញ្ជាក់ដូច្នេះថា «យើងសូមណែនាំឱ្យអ្នកទាំងគ្នាស្នាក់នៅជំរំស្នាក់នៅបណ្ដោះអាសន្ន ហើយសម្រាប់អ្នកដែលមិនទាន់ជម្លៀសខ្លួន យើងសង្ឃឹមថាពួកគេនឹង ពិចារណាឡើងវិញ»។

ការផ្ទុះភ្នំភ្លើងរយៈពេល ៦នាទី បានបង្ខំឱ្យអាជ្ញាធរហ្វីលីពីនបិទសាលារៀនជាបណ្ដោះអាសន្ន ក្នុងទីក្រុង Canlaon នៃខេត្ត Negros Orientalខណៈ ក្រុមហ៊ុនអាកាសចរណ៍ចំនួន៣ បានលុបចោលជើងហោះហើរចំនួន៣២ នៅថ្ងៃអង្គារនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ