សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តគ្រឹះស្ថានឧត្តមសិក្សា បន្តសហការ និងលើកស្ទួយវិស័យអប់រំ ឲ្យកាន់តែល្អប្រសើរ តាមរយៈផ្តល់សេវាបង្រៀនប្រកបដោយគុណភាព
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកទឹកចិត្តដល់ គ្រឹះស្ថានឧត្តមសិក្សា បន្តសហការ និងលើកស្ទួយ វិស័យអប់រំ និងការបណ្តុះបណ្តាល ឲ្យកាន់តែល្អប្រសើរ តាមរយៈការផ្តល់សេវាបង្រៀនប្រកបដោយគុណភាពខ្ពស់ និងកិច្ចខិតខំបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ។
នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា ដែលពិធីនេះរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីលើកកម្ពស់វិស័យអប់រំ សម្ដេច លើកទឹកចិត្តឲ្យបណ្តាញសាកលវិទ្យាល័យសាយបរំកម្ពុជា និងវិស័យឯកជន បន្តធ្វើបច្ចុប្បន្នកម្មប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ និងអភិវឌ្ឍ កម្មវិធីសិក្សាថ្មីៗ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើចំណេះដឹង និង ជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថល ស្របតាមបរិបទនៃការរីកចម្រើននៃសេដ្ឋ- កិច្ច និងសង្គម ការប្រែប្រួលអាកាសធាតុ ការប្រកួតប្រជែងនៃទីផ្សារការងារ និងសាកលភាវូបនីយកម្ម។
សម្ដេចធិបតី ក៏បានស្នើឲ្យ ក្រសួងអប់រំ យុវជន និង កីឡា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងរដ្ឋ និងឯកជន ចូលរួមអនុវត្តឲ្យបានដោយប្រសិទ្ធភាពខ្ពស់នូវវិធានការ ដែលបានដាក់ចេញក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល កម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដើម្បីទាញយកផលជាអតិបរមាពីការធ្វើបរិវត្តកម្មឌីជីថល។
សម្តេចធិបតី ជំរុញ និងលើកទឹកចិត្តដល់ គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ បង្កើន កិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានអប់រំ និងគ្រឹះស្ថានស្រាវជ្រាវជាតិ-អន្តរ- ជាតិ ដើម្បីធ្វើការសិក្សាស្រាវជ្រាវរួមគ្នា, ដកស្រង់បទពិសោធ និងធ្វើទស្សន- កិច្ចសិក្សាទៅវិញទៅមក ដើម្បីទទួលចំណេះដឹងថ្មីៗ, បទពិសោធជាក់ស្តែង និង ឧត្តមានុវត្តន៍ សំដៅបង្កើនគុណភាពនៃការអប់រំ, ការបណ្តុះបណ្តាល, និងការ សិក្សាស្រាវជ្រាវឱ្យកាន់តែប្រសើរ។
សម្តេចធិបតី គូសបញ្ជាក់ថា «ខ្ញុំ សូមលើកទឹកចិត្តដល់ គ្រឹះស្ថានឧត្តមសិក្សា បន្តសហការ និងលើកស្ទួយ វិស័យអប់រំ និងការបណ្តុះបណ្តាល ឱ្យកាន់តែល្អប្រសើរ តាមរយៈការផ្តល់សេវាបង្រៀនប្រកបដោយគុណភាពខ្ពស់ និងកិច្ចខិតខំបន្តអភិវឌ្ឍសមត្ថភាពជាប្រចាំ ព្រមទាំងយកចិត្តទុកដាក់លើធនធានយុវជន សម្រាប់ជាអ្នកបន្តវេន និង ជាសសរទ្រូងដ៏រឹងមាំ សំដៅឈានឆ្ពោះដល់ការសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ជាប្រទេសចំណូលខ្ពស់ ប្រកបដោយអរិយធម៌រុងរឿង»៕