កូរ៉េខាងជើង ៖ ក្រុមយុវជនច្រើនជាង១.៤លាននាក់ រាប់បញ្ចូលទំាងក្រុមនិស្សិត និងមន្ត្រីសម្ព័ន្ធយុវជនបានចូលរួមក្នុងការបំរើយោធានៅសប្តាហ៍នេះ។ប្រព័ន្ធឃោសនាកូរ៉េខាងជើងដដែលបានរំលេចបន្តទៀតថា ក្រុមយុវជនដែលចូលបំរើក្នុងជួរកងទ័ពទំាងអស់នោះសុទ្ធតែមានការតំាងចិត្តខ្ពស់ដើម្បីវាយប្រយុទ្ធក្នុងសមរភូមិ ដោយមិនខ្លាចចំពោះសង្គ្រាម ដែលមានចេតនាបំផ្លាញពីភាគីសត្រូវនោះឡើយ។

ការអះអាងរបស់ប្រទេសកូរ៉េខាងជើង ដែលថា មានក្រុមយុវជនប្រមាណជាង១លាននាក់ចូលរួមក្នុងការធ្វើជាទាហាននេះ គឺទើបតែបានចុះឈ្មោះត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានសភាពតានតឹងបានលេចចេញឡើងជាមួយនឹងប្រទេសកូរ៉េខាងត្បូង បង្កឱ្យមានកំដៅកើនឡើងនៅក្នុងតំបន់ឧបទ្វីបកូរ៉េផងដែរ។

កាលពីឆ្នំាមុន ប្រព័ន្ធឃោសនាកូរ៉េខាងជើងក៏ធ្លាប់បានផ្សាយមានលក្ខណៈស្រដៀងគ្នានេះដែរថា ពលរដ្ឋរបស់ខ្លួនជាច្រើនលាននាក់បាននំាគ្នាសម្រុកចូលបំរើកងទ័ពដើម្បីប្រយុទ្ធប្រឆំាងទៅនឹងសហរដ្ឋអាម៉េរិក។ស្ថិតនៅក្នុងសភាពកំពុងតែតានតឹងរវាងអន្តរកូរ៉េទំាងពីរនេះ កាលពីថ្ងៃអង្គារ ប្រទេសកូរ៉េខាងជើងបានបំផ្ទុះកាត់ផ្តាច់ចោលនូវផ្លូវតភ្ជាប់រវាងប្រទេសកូរ៉េទំាងពីរ រួមទំាងផ្លូវដែកឆ្លងកាត់ព្រំដែន បង្កឱ្យកងយោធាកូរ៉េខាងត្បូងបានបាញ់គ្រាប់ដើម្បីព្រមាន។

ក្នុងពេលថ្មីៗនេះ ទីក្រុងព្យុងយ៉ាងបានចោទប្រកាន់ទីក្រុងសេអ៊ូលថា បានបញ្ជូនដ្រូនគ្មានមនុស្សបើកបរចូលទៅកាន់រដ្ឋធានីព្យុងយ៉ាង ខណៈដែលប្រទេសកូរ៉េទំាងពីរបានប៉ះទង្គិចគ្នាលើការបង្ហោះបាឡុងទៅវិញទៅមក បណ្តាលឱ្យមានវោហាសាស្រ្តដាក់គ្នាទៅវិញទៅមករហូតមកទល់នឹងថ្ងៃនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ