លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ណែនាំរដ្ឋបាលខេត្តទាំងអស់ សើរើកិច្ចព្រមព្រៀងផ្សាយគ្រឿងស្រវឹង ដើម្បីឈានទៅបញ្ចប់ផ្សាយទីសាធារណៈ
កំពង់ធំ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់គោលការណ៍ឱ្យរដ្ឋបាលខេត្តទាំងអស់ ពិនិត្យសើរើឡើងវិញ រាល់ឯកសារព្រមព្រៀងជាមួយក្រុមហ៊ុនផលិត លក់ ចែកចាយ និងទទួលផ្សព្វផ្សាយគ្រឿងស្រវឹងទាំងអស់ ដើម្បីឈានទៅបញ្ចប់រាល់ការព្រមព្រៀងផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមដងផ្លូវ និងទីសាធារណៈ។
នាឱកាសអញ្ជើញប្រកាសចូលកាន់មុខតំណែង លោក នួន ផារ័ត្ន ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ នារសៀលថ្ងៃ៨ ខែកក្កដា ឆ្នាំ២០២៤ បើតាម លោកឧបនាយករដ្ឋមន្ត្រី ការឈានទៅបញ្ចប់ការផ្សព្វផ្សាយគ្រឿងស្រវឹងតាមទីសាធារណៈ មិនមែនត្រឹមតែដើម្បីចង់បានការសរសើរគាំទ្រពីសាធារណជន និងមជ្ឈដ្ឋានសង្គមស៊ីវិលប៉ុណ្ណោះទេ ប៉ុន្តែគោលដៅធំបំផុត គឺដើម្បីកាត់បន្ថយទំនោរទទួលទានគ្រឿងស្រវឹងជ្រុលហួសហេតុរបស់ប្រជាជនដែលកំពុងតែប្រឈមទាំងគ្រោះថ្នាក់សុខភាព និងគ្រោះថ្នាក់សង្គម ពិសេសគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងស្ថិតក្នុងដំណាក់កាលដ៏គួរឱ្យព្រួយបារម្ភ ខណៈការផ្សព្វផ្សាយព្រោងព្រាតគ្រប់ច្រកឡ្ហកនេះទៀតសោត ក៏នាំឱ្យមានផលប៉ះពាល់ដល់កុមារផងដែរ។
យ៉ាងណាក៏ដោយ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានផ្ដល់គោលការណ៍ច្បាស់ៗថា សម្រាប់ទីតាំងឯកជនដែលមានការលក់ដូរគ្រឿងស្រវឹង រួមទាំងអាហារដ្ឋាន និងភោជ្ជនីយដ្ឋានជាដើម មិនមែនជាគោលដៅត្រូវហាមឃាត់ការផ្សព្វផ្សាយនោះទេ។
ប្រមុខក្រសួងមហាផ្ទៃ ក៏បានថ្លែងទទួលស្គាល់ដែរថា សម្រាប់រដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការអនុញ្ញាតឱ្យផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមទីសាធារណៈ ដូចជាផ្ទាំងប៉ាណូតាមដងផ្លូវ និងកាត់ពីលើដងផ្លូវជាដើម ពិតជាបានចំណូលមួយផ្នែកប្រាកដមែន ប៉ុន្តែចំណូលនោះ មិនអាចទូទាត់នឹងផលវិបាកនានា ដែលកើតចេញពីការផ្សព្វផ្សាយយ៉ាងច្រើនហួសហេតុ ដូចបច្ចុប្បន្ននេះបានឡើយ៕