ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Tibor BALOGHDI ឯកអគ្គរដ្ឋទូតនៃប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

នៅក្នុងឱកាសនៃជំនួប លោកឯកអគ្គរដ្ឋទូត បានសម្ដែងនូវការកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់ សម្ដេចបវរធិបតីដែលបានដាក់ចេញ និងអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបាន និងកំពុងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង និងធានាបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់។

ជាមួយគ្នានោះ លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និង យូរអង្វែងរវាងហុងគ្រី និងកម្ពុជា ដោយឯកឧត្តមបានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ នៅក្នុងគោលដៅបង្កើនទំហំពាណិជ្ជកម្ម និងធុរកិច្ចរវាងប្រទេសទាំងពីរ លោកឯកអគ្គរដ្ឋទូតក៏បានបង្ហាញឆន្ទៈក្នុងការលើកទឹកចិត្តឱ្យវិនិយោគិនហុងគ្រីសិក្សាស្វែងយល់ និងពង្រីកឱកាសវិនិយោគរបស់ខ្លួននៅកម្ពុជា ឱ្យកាន់តែច្រើន។  

ជាការឆ្លើយតប សម្ដេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព ជាប្រពៃណី និងទំនាក់ទំនង និងសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងប្រទេសទាំងពីរ និងបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើររវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ តាមរយ:ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងយន្តការពិគ្រោះយោបល់ទ្វេភាគី ដោយសម្ដេចបានគូសបញ្ជាក់ថា យន្តការពិគ្រោះយោបល់ទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរ ជាយន្តការមួយដែលនឹងជួយពង្រឹងនិងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។

សម្ដេចបវរធិបតី និងលោកឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យអាទិភាពមួយចំនួន ជាអាទិ៍៖ ពាណិជ្ជកម្មនិងវិនិយោគ សុខាភិបាល អប់រំ ទេសចរណ៍ វប្បធម៌ និងវិស័យធនធានទឹក និងធារាស្ត្រ ផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ