តុលាការក្នុងប្រទេសវៀតណាម សម្រេចកាត់ទោសមហាសេដ្ឋីអចលនទ្រព្យ លោកស្រី ទ្រុង ម៉ី ឡាន ជាប់ពន្ធនាគារអស់មួយជីវិតពីបទឆបោក បន្ថែមលើទោសប្រហារជីវិត
វៀតណាម៖ តុលាការក្នុងប្រទេសវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ទី១៧ ខែតុលា បានកាត់ទោសឱ្យមហាសេដ្ឋីអចលនទ្រព្យ លោកស្រី ទ្រុង ម៉ី ឡាន ជាប់ពន្ធនាគារអស់មួយជីវិតទៀតពីបទឆបោកហិរញ្ញវត្ថុ បន្ថែមពីលើទោសប្រហារជីវិតដាច់ដោយឡែកមួយ.។បើយោងតាមគេហទំព័រព័ត៌មានរដ្ឋគ្រប់គ្រងដោយ VN Express។
កាលពីថ្ងៃព្រហស្បតិ៍ តុលាការវៀតណាមបានកំណត់ថា លោកស្រី ម៉ីឡាន មានទោសពីបទទទួលបានអចលនទ្រព្យដោយការក្លែងបន្លំ ការលាងលុយកខ្វក់ និងការផ្ទេរប្រាក់ឆ្លងដែនខុសច្បាប់។ ។ តុលាការបានកំណត់ថា៖«លោកស្រី ឡាន គឺជាមេក្លោង ប្រព្រឹត្តឧក្រិដ្ឋកម្មដោយប្រើវិធីសាស្ដ្រទំនើបជាច្រើនដង បណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរ..ដូច្នេះនាងត្រូវបានកាត់ទោសឱ្យជាប់គុកអស់មួយជីវិតពីបទឧក្រិដ្ឋកម្មចំនួនបី»។ ជនជាប់ចោទ៣៣នាក់ផ្សេងទៀត រួមទាំងប្ដី និងក្មួយស្រីរបស់លោកស្រី ឡាន នឹងត្រូវប្រឈមមុខនឹងសាលក្រម និងកាត់ទោសនៅតុលាការក្រុងហូជីមិញ ។ ជនរងគ្រោះរាប់សិបនាក់ ក្នុងសំណុំរឿងនេះ បានតវ៉ានៅកណ្តាលរដ្ឋធានីហាណូយ ដោយទាមទារឱ្យអាជ្ញាធរជួយពួកគេយកប្រាក់របស់ពួកគេត្រឡប់មកវិញ។
សូមបញ្ជាក់ថា លោកស្រី ឡាន ត្រូវបានកាត់ទោសប្រហារជីវិតនៅក្នុងការកាត់ក្ដីដាច់ដោយឡែកមួយ បន្ទាប់ពីត្រូវបានរកឃើញថា មានពិរុទ្ធពីបទកេងបន្លំ ការសូកប៉ាន់ និងការបំពានច្បាប់ធនាគារក្នុងការក្លែងបន្លំហិរញ្ញវត្ថុចំនួន៣០៤ពាន់ពាន់លានដុង ជាកំណត់ត្រាដ៏ធំបំផុតរបស់ប្រទេស។ យោងតាមព្រះរាជអាជ្ញា ការខូចខាតសរុបដែលបង្កឡើងមានចំនួន២៧ពាន់លានដុល្លារ ជាតួលេខស្មើនឹងប្រហែល៦ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសវៀតណាម ក្នុងឆ្នាំ ២០២៣។
គួរបញ្ជាក់ថា លោកស្រី ឡាន ជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat Holdings Group។ លោកស្រី ឡាន គឺស្ថិតក្នុងចំណោមនាយកប្រតិបត្តិអាជីវកម្មនិងមន្ត្រីរដ្ឋដ៏ល្បីឈ្មោះម្នាក់ ដែលត្រូវបានចាប់ដាក់ពន្ធនាគារក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយរយៈពេលជាច្រើនឆ្នាំរបស់ប្រទេសកុម្មុយនីស្ដ។ លោកស្រី ឡាន បានទទួលស្គាល់កំហុសជាច្រើនរបស់នាង ប៉ុន្តែបានបដិសេធការចោទប្រកាន់ដែលនាងបានដឹកនាំការចេញមូលបត្របំណុលនេះ។
ក្រុមហ៊ុនរបស់លោកស្រី ឡាន ត្រូវបានគេចោទប្រកាន់ថា បានរៃអង្គាសប្រាក់ដោយខុសច្បាប់ជាង៣០ពាន់ពាន់លានដុង ឬស្មើនឹងប្រមាណ១,២ពាន់លានដុល្លារ ពីការចេញមូលបត្របំណុលដល់អ្នកវិនិយោគ។ ក្នុងនោះ លោកស្រី ឡាន ក៏ត្រូវបានចោទប្រកាន់ពីបទផ្ទេរខុសច្បាប់នូវទឹកប្រាក់ចំនួន៤,៥ពាន់លានដុល្លារ ចូល និងចេញពីប្រទេសវៀតណាម និងការលាងលុយចំនួន៤៤៥ពាន់ពាន់លានដុង ឬស្មើនឹង១៨,១ ពាន់លានដុល្លារ៕