ក្រសួងអប់រំឡាវណែនាំឱ្យផ្អាកការបង្រៀនជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ៣០ ខែមេសានេះតទៅ ក្រោយសីតុណ្ហភាពបន្តឡើងកម្តៅកាន់តែខ្លាំង
ឡាវ៖ មន្ទីរអប់រំ និងកីឡាក្រុងវៀងច័ន្ទប្រទេសឡាវបានចេញសេចក្តីជូនដំណឹងដល់ប្រធានការិយាល័យអប់រំ និងកីឡាក្នុងស្រុក-ខណ្ឌទាំង ៩ នាយកគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជនក្នុងទីក្រុងឲ្យផ្អាកការបង្រៀនជាបណ្តោះអាសន្នដើម្បីបង្កើនការតាមដានស្ថានភាពអាកាសធាតុក្តៅខ្លាំង ខ្យល់ព្យុះ និងធូលីស្អិតបំពុលបរិយាកាសដែលអាចប៉ះពាល់ដល់វិស័យអប់រំ និងកីឡា ។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន Laotian Times កាលពីថ្ងៃទី២៩ ខែមេសាកន្លងទៅ ។
ជាមួយគ្នានេះ អាកាសធាតុជាក់ស្តែងគ្រប់ពេលផងដែរ ប្រសិនបើអាកាសធាតុនៅតែបន្តក្តៅខ្លាំង និងមានសីតុណ្ហភាពចាប់ពី ៤០ អង្សាសេឡើងទៅ ។ទន្ទឹមនោះ ការចេញសេចក្ដីជូនដំណឹងនេះទៀតសោត គឺដោយសារតែក្រសួងបារម្ភពីផលប៉ះពាល់ដែលអាចកើតមានដល់សុខភាពសិស្សានុសិស្ស ជាពិសេសនៅតាមសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិទ្យាល័យ ដែលមិនមានម៉ាស៊ីនត្រជាក់ ឬកង្ហារ ដូច្នេះហើយទើបការិយាល័យអប់រំ និងកីឡាស្រុក-ខណ្ឌ និងគ្រឹះស្ថានអប់រំសម្រេចផ្អាកការបង្រៀនជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៣០ ខែមេសានេះ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ។
ក្រសួងក៏បានតម្រូវឲ្យមានការបង្រៀនជំនួសតាមទម្រង់ផ្សេងៗដែលសមស្របក្នុងអំឡុងពេលផ្អាកនេះ ដោយឲ្យគ្រូប្រចាំថ្នាក់ គ្រូប្រចាំមុខវិជ្ជាដាក់កិច្ចការផ្ទះទៅដល់សិស្សស្រាវជ្រាវនៅផ្ទះដើម្បីត្រៀមសម្រាប់ការប្រឡងឡើងថ្នាក់សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ។
ដោយឡែកសម្រាប់គ្រឹះស្ថានអប់រំដែលមានម៉ាស៊ីនត្រជាក់អាចដំណើរការបង្រៀនបានជាធម្មតា ប៉ុន្តែត្រូវចៀសវាងការរៀបចំសកម្មភាពនៅក្រៅថ្នាក់រៀនរយៈពេលយូរ ៕