ឡាវ៖អ្នកបើកបររថយន្ត និងម៉ូតូ​តម្រៀប​ជាជួរយ៉ាង​វែងដើម្បីចាក់សាំង ករណីនេះបានកើត​ឡើងយ៉ា​​ងច្រើ​ន​ទីតាំង​​តាម​ដងផ្លូវនៃទី​ក្រុងវៀងច័ន្ទ ប្រទេសឡាវ​ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលប្រទេស​នេះ​កំពុង​តស៊ូជា​មួយនឹងវិបត្តិប្រេងឥន្ធនៈដែលកំពុងកើនឡើង។ នេះបើតាមការចេញផ្សាយដោយសា​រព័ត៌មាន The Manila Time នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។

 យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា ផ្នែកខ្លះនៃប្រទេសមួយនេះបានខ្វះខាតសាំងប្រើប្រាស់ ​ ជាច្រើនសប្តាហ៍មកហើយ ប៉ុន្តែរដ្ឋធានីវៀងច័ន្ទគឺទើបតែចាប់ផ្តើមខ្សត់កាលពីថ្ងៃចន្ទប៉ុណ្ណោះ។

អ្នកនាំចូល និងចែកចាយប្រេងសាំង បានរងការវាយប្រហារដោយ​ការធ្លាក់ចុះនៃរូបិ​យប័ណ្ណ​ចាប់តាំ​ងពីខែកញ្ញា រួមទាំងទុនបម្រុងរូបិយប័ណ្ណបរទេសទាប ស្របពេលដែល មានការកើនឡើងនៃតម្លៃប្រេង ដែលបណ្តាលមកពីសង្រ្គាមរុស្សី -អ៊ុយក្រែនជាង២ខែមកនេះ។

 

លោកស្រី Dara Khiosompon អ្នកគ្រប់គ្រងក្រុមហ៊ុន Settah Travel បានប្រាប់ទីភ្នាក់ងា​រសារព័​ត៌មា​នបា​រាំង AFP កាលពីថ្ងៃអង្គារថា ក្រុមហ៊ុនរបស់លោកស្រីកំពុងជួបការលំបាកក្នុងការបំពេ​ញ​រថយន្ត​ទេ​សចរ​ណ៍របស់ខ្លួន។"អ្នកបើកបររបស់យើងបានបើកឡានទៅស្ថានីយ៍ទីមួយដែលមានជួរវែង ល្មមតែ​ដ​ល់វេនគាត់ ​ប្រេ​​ងឥន្ធនៈក៏អស់ល្មម ដែលបណ្តាលឱ្យការបំរើសេវាកម្មជូនភ្ញៀវមានការលំបាក។

 កាសែត Laotian Times បានរាយការណ៍ថា ខណៈដែលទីក្រុងវៀងចន្ទន៍ទើបតែចាប់ផ្តើមជួបប្រទះ​ការខ្វះខាតប្រេងឥន្ធនៈក្នុងសប្តាហ៍នេះ ទីក្រុងភាគខាងជើងនៃខេត្តហ្លួ​ងណាំថាបានអស់នៅចុ​ងខែមីនា។

 

សូមបញ្ជាក់ថា ប្រទេស​ឡាវ​ត្រូវ​ការ​ប្រេង​ចំនួន ១២០​លាន​លីត្រ​ក្នុង​មួយ​ខែ ប៉ុន្តែ​អ្នក​នាំ​ចូល​មាន​លទ្ធ​ភាព​​តែ​២០​លាន​លីត្រ​ប៉ុណ្ណោះ។ប្រទេសឡាវបានផ្លាស់ប្តូរដើម្បីកាត់បន្ថយពន្ធលើប្រេងសាំងពី ៣១ ភាគរយមកត្រឹម ១៦ភាគរយ ហើយប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះកំពុងព្យាយាមស្វែងរកប្រ​ភពប្រេងឥន្ធនៈដែលមានតំលៃថោកពីប្រទេសរុស្ស៊ី៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ