សម្ដេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើលោក ខឹម វាសនា ឆ្លើយទៅក្រុមមនុស្សមួយចំនួន ក្រោយចោទសម្ដេច ថា ជាអ្នកនៅពីក្រោយខ្នង
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្តាំផ្ញើសារទៅលោក ខឹម វាសនា និងកូនចៅ ខឹម វាសនា ឲ្យឆ្លើយតបទៅក្រុមមនុស្សដែល បានចោទប្រកាន់សម្តេចថា ជាអ្នកនៅពីក្រោយខ្នង ដើម្បីបង្វែស្ថានការណ៍ផ្សេងៗ ហើយងាកមករឿងលោក ខឹម វាសនាវិញ។
នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្ត រើសំណង់ចេញ ពីតំបន់រមណីយដ្ឋានអង្គរ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីថា សម្តេច នឹងមិនប្រើកម្លាំងទៅបង្ក្រាបបងប្អូនដែលកំពុងប្រមូលផ្តុំជួបជុំគ្នានៅដីចម្ការនៅជើងភ្នំគូលែន កន្លែងដែលពួកគេជឿស៊ុបលើ លោក ខឹម វាសនា។
សម្តេចតេជោ បន្ដថា មានមនុស្សខ្លះបានលើកទស្សនៈថា ហេតុអី មិនចាប់ លោក ខឹម វាសនា ដាក់គុក ឬឱ្យចាប់ខឹម វាសនា ទៅសមាធិ ក្នុងគុក ព្រោះអ្នកទាំងនោះចង់ឱ្យ សម្តេច ប្រើកម្លាំងយើងទៅបង្ក្រាបបងប្អូន។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់លោក ខឹម វាសនា និងអ្នកគាំទ្រ ឆ្លើយតបទៅអ្នកចោទប្រកាន់ថា សម្ដេចជាអ្នកបញ្ជាឲ្យបង្កើតព្រឹត្តិការណ៍ជួបជុំនោះឡើង។ សម្ដេចតេជោ បានយ៉ាងដូច្នេះថា «ដូច្នេះខ្ញុំអំពាវនាវទៅឯកឧត្ដម ខឹម វាសនា និងអ្នកគាំទ្រ ឆ្លើយតបត្រឡប់ទៅវិញ ព្រោះគេចោទថា ខ្ញុំជាអ្នកបញ្ជាឲ្យ ខឹម វាសនា បង្កើតព្រឹត្តិការណ៍នេះ ដើម្បីបង្វែររឿងនេះ រឿងនោះ ទៅជារឿងវាចោទទៅចឹង»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ចំណុចនេះមានតែលោក ខឹម វាស នា និងអ្នកគាំទ្រ ចេញមុខបដិសេធតែប៉ុណ្ណោះ៕EB