សម្ដេចតេជោ ហ៊ុន សែន ឯកភាពជាមួយគណៈប្រតិភូអាមេរិក ត្រូវនាំគ្នាក្ដាប់ឱកាសកំពុងមានបច្ចុប្បន្ន ជាពិសេស លើវិស័យពាណិជ្ជកម្ម និងវិនិយោគ
ភ្នំពេញ ៖ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឯកភាពជាមួយ តំណាងរាស្ត្រគណបក្សសាធារណរដ្ឋ មកពីរដ្ឋតិចសាស់ ថា ត្រូវនាំគ្នាសម្លឹងទៅមុខ និងក្ដាប់ឱកាសកំពុងមាននាពេលបច្ចុប្បន្ន ជាពិសេស លើវិស័យពាណិជ្ជកម្ម និងវិនិយោគ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន បែបនេះនាឱកាសអនុញ្ញាតឱ្យលោកស្រី អេលីហ្សាបេត វេន ដាញ (Elizabeth Van Duyne) តំណាងរាស្ត្រគណបក្សសាធារណរដ្ឋ មកពីរដ្ឋតិចសាស់ និងគណៈប្រតិភូសមាជិកសភាអាមេរិក និងមានតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យ មកពីរដ្ឋថេនណេសស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួន ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
ឆ្លៀតឱកាសនោះ លោកស្រី អេលីហ្សាបេត បានលើកឡើងអំពីដំណើរទស្សនកិច្ចរបស់លោកស្រី និងប្រតិភូនាពេលនេះ គឺដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើងតាមរយៈសក្ដានុពលដែលកំពុងមាន និងតាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនលោកស្រី អេលីហ្សាបេត ព្រមទាំងប្រតិភូទាំងមូល អំពីប្រវត្តិរបស់កម្ពុជា ក៏ដូចជាប្រវត្តិនៃទំនាក់ទំនងរវាងកម្ពុជាជាមួយសហរដ្ឋអាមេរិក។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ឯកភាពជាមួយលោកជំទាវ អេលីហ្សាបេត ដែលថា យើងនាំគ្នាសម្លឹងទៅមុខ និងក្ដាប់ឱកាសដែលកំពុងមាននាពេលបច្ចុប្បន្ន ជាពិសេស លើវិស័យពាណិជ្ជកម្ម វិនិយោគ និងអប់រំ ធ្វើជាមូលដ្ឋាន ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើង»៕EB