ភ្នំពេញ ៖ ភាគីកម្ពុជាបានស្នើដល់ភាគីស្វីស ជួយជំរុញឱ្យមានការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរ នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមដំណើរការដើម ឆ្នាំ២០២៥។

សំណើនេះបានធ្វើឡើងក្នុងឱកាសលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានសម្តែងការគួសមជាមួយលោកស្រី Francine Zimmermann អគ្គនាយកគោលនយោបាយ និងយុទ្ធសាស្ត្រ នៃរដ្ឋបាលអាកាសចរសហព័ន្ធស្វីស នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។


ដើម្បីជាការចូលរួមចំណែក ដល់ការសម្រេចគោលបំណង ជំរុញឱ្យមានការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរ អាជ្ញាធរអាកាសចរស៊ីវិលនៃប្រទេសទាំងពីរ បានឯកភាពចុះហត្ថលេខាអនុស្សរណៈយោគយល់ (MOU) បន្ថែមលើកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាសរវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខា និងចូលជាធរមានរួចហើយ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០០៧។

ដោយអនុស្សរណៈយោគយល់នេះ នឹងជួយដល់ក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងពីរ មានលទ្ធភាពបើកជើងហោះហើរ និងប្រើប្រាស់សិទ្ធិទី៥ ដែលជាសិទ្ធិមួយ អាចចុះចត និងដាក់អ្នកដំណើរបន្ថែមនៅប្រទេសទី៣ មុននឹងមកដល់ប្រទេសកម្ពុជា ដោយសារតែសេចក្តីត្រូវការនៃអ្នកដំណើរតាមផ្លូវអាកាស លើការហោះហើរត្រង់រវាងប្រទេសទាំងពីរ នៅមានកម្រិតនៅឡើយ។

ក្នុងឱកាសនោះដែរ លោក វ៉ាន់ ឆារស៏ (Vann Charles) តំណាងអាកាយានដ្ឋានអន្តរជាតិតេជោ បានធ្វើបទបង្ហាញជូនភាគីស្វីស ជាពិសេសដល់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិស្វីស (SWISS International Air Lines) ដើម្បីស្វែងយល់អំពីដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ និងពិភាក្សាអំពីលទ្ធភាព ដែលអាចទាក់ទាញនៃការតភ្ជាប់ ជើងហោះហើររវាងប្រទេសទាំងពីរបាន នៅដើមឆ្នាំ២០២៥ខាងមុខ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ