ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សីលើកុមារីអាយុ១៥ឆ្នាំ ចំនួន ០១ករណីទៀត និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈនិងវិទ្យាស្ថានប៉ាស្ទ័រ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ដែលមានទីលំនៅក្នុងភូមិពោធិ៍ម្រិញ ឃុំកញ្ជៀច ស្រុកកញ្ជៀច ខេត្តព្រៃវែង។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ទោះជាមានការយកចិត្តទុកដាក់ថែទាំ និងជួយសង្គ្រោះពីសំណាក់ក្រុមគ្រូពេទ្យក៏ដោយ តែដោយសារស្ថានភាពអ្នកជំងឺមានសភាពធ្ងន់ធ្ងរ រួមមានគ្រុនក្តៅ ក្អក ឈឺបំពង់ក ហត់ ពិបាកដកដង្ហើម និងសន្លប់ កុមារីបានទទួលមរណភាព នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ តាមការសាកសួរបង្ហាញថា ប្រហែល៥ថ្ងៃមុនចាប់ផ្តើមឈឺ នៅក្នុងភូមិមានមាន់ទាស្លាប់ច្រើន និងផ្ទះបងប្អូនអ្នកជំងឺមានមាន់ងាប់ ក៏បានចែកមកឱ្យគ្រួសារអ្នកជំងឺយកមកធ្វើម្ហូប ហើយកុមារីបានប៉ះពាល់និងកាន់មាន់ងាប់នេះដើម្បីធ្វើម្ហូប។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតប ទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំង ចែកជូនឱសថតាមីហ្លូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋ នៅក្នុងភូមិដែលកើតហេតុខាងលើ។

ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់គ្នា សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋយើង ហើយប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬស្លាប់ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្តើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការ ពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតលោកអ្នកបំផុតឱ្យបាន ឆាប់ទាន់ពេលវេលា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ