សម្ដេចក្រឡាហោម ស ខេង អញ្ជើញផ្សព្វផ្សាយអំពីការរៀបចំ និងការប្រព្រឹត្តទៅ នៃលេខាធិការដ្ឋានសម្រាប់គាំទ្រការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព
ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញផ្សព្វផ្សាយអំពីការរៀបចំ និងការប្រព្រឹត្តទៅ នៃលេខាធិការដ្ឋានសម្រាប់គាំទ្រការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
គួរបញ្ជាក់ថា លេខាធិការដ្ឋានសម្រាប់គាំទ្រការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព មានភារកិច្ចដូចជា ៖ សហការរៀបចំផែនការយុទ្ធសាស្ត្រស្ដីពីការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព, រៀបចំ និងអនុវត្តផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំរបស់លេខាធិការដ្ឋាន ស្ដីពីការសហការ ការសម្របសម្រួល ការតាមដាន ការត្រួតពិនិត្យ និងការដាស់តឿន ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។
លើសពីនេះ សហការ និងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន រដ្ឋបាលថ្នាក់ក្រោមជាតិ និងគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ- សង្កាត់មានសុវត្ថិភាព៕