ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកទឹកចិត្តដល់កងកម្លាំងនគរបាលទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបម្រើប្រជាពលរដ្ឋដោយភាពអត់ធ្មត់ ព្រមទាំងប្រកាន់ខ្ជាប់នូវវិន័យផងដែរ។

យោងតាមលិខិតជូនពររបស់ អគ្គស្នងការនគរបាលជាតិ នាឱកាសខួបអនុស្សាវរីយ៍ លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន បានឱ្យដឹងថា ឆ្នាំ២០២៣នេះ ក្រៅពីការបន្តទទួលរងនូវវិបត្តិសុខភាពសាធារណៈ ដោយសារជំងឺកូវីដ-១៩ សកលលោកទាំងមូល ក៏កំពុងរងការគំរាមកំហែងប្រកបដោយភាពស្មុគស្មាញ និងពុំមានភាពច្បាស់លាស់ ពីការប្រកួតប្រជែងដណ្ដើមឧត្តមភាពភូមិសាស្ត្រនយោបាយ សង្គ្រាមឈ្លានពាន វិបត្តិសេដ្ឋកិច្ច និងស្បៀងអាហារ ព្រមទាំងបញ្ហាជាច្រើនទៀត។


នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បន្ដថា ស្ថានភាពទាំងនេះនឹងជះឥទ្ធិពលដោយផ្ទាល់ ឬដោយប្រយោល ដល់ព្រះរាជាណាចក្រកម្ពុជា ទាំងវិស័យសេដ្ឋកិច្ច នយោបាយ និងបរិយាកាសនៃសន្តិសុខផ្ទៃក្នុង ស្របពេល ដែលប្រទេសកម្ពុជា ត្រូវរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលព្រឹត្តិការណ៍សំខាន់ៗទាំងនេះសុទ្ធសឹងតែជាភារកិច្ច និងជាបន្ទុកទទួលខុសត្រូវរបស់កងកម្លាំងនគរបាលជាតិគ្រប់ជាន់ថ្នាក់ និងទាមទារឱ្យមានការចាត់វិធានការ ដោយភាពម៉ឺងម៉ាត់ ប្រកបដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ ដើម្បីធ្វើឲ្យបរិយាកាសសង្គមកាន់តែមានភាព កក់ក្តៅ គាំទ្រដល់កិច្ចដំណើរការនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រទាំងអស់នោះ រួមចំណែកលើកតម្កើងកិត្តិយស សក្តានុពល និងកិត្យានុភាពជាតិ។


នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ថា «ក្នុងនាមថ្នាក់ដឹកនាំកងកម្លាំងនគរបាលជាតិ ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមគាំទ្រលើកទឹកចិត្ត ដល់បងប្អូនកងកម្លាំងនគរបាលជាតិទាំងអស់ ឲ្យបន្តកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ប្តេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបម្រើប្រជាពលរដ្ឋដោយភាពអត់ធ្មត់ ប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ អាកប្បកិរិយាថ្លៃថ្នូរ និងមានមនសិការវិជ្ជាជីវៈខ្ពស់»។


ទន្ទឹមនេះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏ណែនាំដល់កងកម្លាំងនគរបាលជាតិទាំងអស់ បន្តធ្វើគំរូល្អដល់ប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់ស្មារតីអនុវត្តច្បាប់ និងបង្កើនការប្រុង ប្រយ័ត្នថែទាំសុខភាពបុគ្គល-គ្រួសារ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល និងវិធានការ «៣ការពារ-៣កុំ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ