នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់-ទទួលអគារស្នាក់នៅ និងអគារធ្វើការដល់អង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ដែលស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ឱ្យដឹងថា បរិវេណនៃអគារស្នាក់នៅ និងអគារធ្វើការថ្មីនេះជាសមិទ្ធផលសំខាន់ មួយទៀតដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងអាជ្ញាធរជាតិអប្សរា និងអង្គភាពនគរបាលការពារបេតិកភណ្ឌ ក្រោមការគាំទ្ររបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរខេត្តសៀមរាប ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ប្រកបដោយចីរភាព សំដៅកែលម្អឡើងវិញ និងពង្រីកទេសភាពបៃតង ដើម្បីលើកតម្លៃបន្ថែមដល់ភាពលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរ។ 


លោកជំទាវមានប្រសាសន៍បញ្ជាក់ថាអគារអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរទាំងមូលមានទំហំ ១,៧០៨ ម៉ែត្រក្រឡា ក្នុងនោះមានអគារថ្នាក់ដឹកនាំ និងសាលប្រជុំ ចំនួន៧បន្ទប់ បន្ទប់ស្នាក់នៅរបស់ប្រធានអង្គភាព ចំនួន២បន្ទប់ អគារអនុប្រធានអង្គភាព និងផ្នែកព្រហ្មទណ្ឌ ចំនួន៦បន្ទប់ អគារសុខាភិបាល និងវិទ្យុចំនួន៥បន្ទប់ អគារស្នាក់នៅកម្លាំងអន្តរាគមន៍ ចំនួន៦បន្ទប់ អគារផ្ទះបាយ ចំនួន១បន្ទប់ ជំរកកម្លាំងត្រៀម និងប៉ុស្តិ៍យាមជាដើម ដោយចំណាយពេលក្នុងការសាងសង់រយៈពេល២៤ខែ ដែលបានចាប់ផ្តើមសាងសង់ពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ហើយ បញ្ចប់ការងារសាងសង់ជាស្ថាពរនៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២១។ 


សូមបញ្ជាក់ថា ទីតាំងទីស្នាក់ការនៃអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរចាស់ ត្រូវបានផ្លាស់ប្តូរទៅតាំងថ្មីស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលទីតាំងស្នាក់ការចាស់នេះត្រូវបានអាជ្ញាធរជាតិអប្សរា កែលម្អ ដើម្បីបន្ថែមទេសភាពបៃតងនៅមុខប្រាសាទអង្គរវត្ត ហើយគ្រោងនឹងបើប្រាស់ជាទីកន្លែងសម្រាប់រៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ នាពេលអនាគត ជំនួសឱ្យទីធ្លានៅចំខាង មុខស្ពានហាលអង្គរវត្ត ដែលនឹងប្រើប្រាស់សម្រាប់តែព្រឹត្តិការណ៍ជាតិធំៗ និងចាំបាច់បំផុតប៉ុណ្ណោះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ