សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីសាកលវិទ្យាល័យវេស្ទើន ជាង ៣ពាន់នាក់
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន ជាង ៣ពាន់នាក់ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមាននិស្សិតនិស្សិតជ័យលាភី នៃសាកលវិទ្យាល័យវេស្ទើនសរុប ៣២៣២នាក់ ក្នុងនោះ ក៏មាននិស្សិតស្រីចំនួន ១៨៩៧នាក់ ផងដែរ។
សាកលវិទ្យាល័យវេស្ទើន ជាសាកលវិទ្យាល័យល្បីមួយ ដែលបាននិងកំពុងបណ្តុះបណ្តាល និស្សិតនៅថ្នាក់ឧត្តមសិក្សាមានគ្រប់កម្រិតសិក្សា តាមផែនការយុទ្ធសាស្ត្របានកំណត់ ក្នុងគោលដៅចូលរួមអនុវត្តតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ដើម្បីធានាបានសេវាអប់រំប្រកបដោយគុណភាពខ្ពស់ស្របតាមចក្ខុវិស័យ និងបេសកកម្មរបស់ខ្លួន។
បើតាមរបាយការណ៍របស់ លោកឧកញ៉ា តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវេស្ទើន, បច្ចប្បន្នសាកលវិទ្យាល័យ មាននិស្សិតកំពុងបន្តការសិក្សាក្នុងឆ្នាំ២០២២-២០២៣ នេះចំនួនសរុប ៥.១៨៦នាក់ ( ស្រី ៣.៥៩០នាក់ ) ហើយមាននិស្សិតបានបញ្ចប់ការសិក្សា គិតចាប់ពីឆ្នាំសិក្សា២០០៣-២០០៤ដល់ឆ្នាំសិក្សាបច្ចុប្បន្នចំនួន១៦.៧៤១នាក់ (ស្រី ៨.៤៣០នាក់)៕EB