ភ្នំពេញ ៖ សន្ដិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិ បានណែនាំដល់អាជ្ញាធរមូលថា ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ មានសុខសន្ដិភាពហើយ អ្វីដែរអាជ្ញាធរ ត្រូវធ្វើបន្ដទៀតនោះ គឺរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរផងដែរ។

នាឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ សន្ដិបណ្ឌិត ខៀវ សុភ័គ បានថ្លែងថា កិច្ចប្រជុំនាពេលព្រឹកនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យបានទូលំទូលាយ និងដើម្បីគៀងគរការចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការអនុវត្តគោលនយោបាយនេះ ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមឆន្ទៈ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខសុវត្ថិភាព សុខខុមាលភាព សេវាសាធារណៈ និងទប់ស្កាត់គ្រោះមហន្ដរាយ ព្រមទាំងការឆ្លងរាលដាលនៃជំងឺកាចសាហាវផ្សេងៗ។


សន្ដិបណ្ឌិត ខៀវ សុភ័គ បានគូសបញ្ជាក់ថា «យើងមានសន្ដិភាពហើយ យើងត្រូវធ្វើអ្វីបន្ដទៀត គឺសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ អាហ្នឹងបញ្ហាសំខាន់។ បើមានសន្ដិភាព មានចោលលួច ចោលប្លន់ ទៅណាមក មកណាមិនសប្បាយ គឺមិនល្អទេ អញ្ចឹងហើយបានជា សម្ដេចតេជោ ហ៊ុន សែន បានដាក់គោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព នេះ ដើម្បីលើកកម្ពស់ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅគ្រប់ពេលទូទាំងប្រទេសកម្ពុជា»។

សន្ដិបណ្ឌិត ខៀវ សុភ័គ បានលើកឡើងថា ក្នុងការចាំតាំងអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពនេះ បានតម្រូវឱ្យក្រសួងមហាផ្ទៃ ធ្វើជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំសម្របសម្រួល និងសហការជាមួយបណ្ដាលក្រសួង-ស្ថាប័ន្ធ ក្នុងការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គណៈបញ្ជាការឯកភាព រដ្ឋបាលក្រុង សង្កាត់ ក្នុងការចាត់តាំងអនុវត្តនូវគោលនយោបាយនេះឱ្យបានសកម្មជាប់ជាប្រចាំទូទាំងប្រទេសកម្ពុជា។

សូមរំលឹកថា លក្ខណៈសម្បត្តិរបស់ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព មានចំនួន ០៧ចំណុច រួមមាន៖ ទី១-ផ្ដល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ,ទី២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ,ទី៣-មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ,ទី៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ដ្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង ,ទី៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព ,ទី៦-មានអនាម័យ មានសោភណភាពល្អ និងមានបរិស្ថានល្អ និងទី៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្ដរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ