រដ្ឋបាលខេត្តព្រះសីហនុ ផ្អាកចរាចរបណ្ដោះអាសន្ននៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង បន្ទាប់ពីកម្រិតទឹកភ្លៀងបានកើនឡើងជាលំដាប់
ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានផ្អាកចរាចរបណ្ដោះអាសន្ននៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់ថា មកដល់ម៉ោង១៦៖១៥នាទី ថ្ងៃទី១២ កក្កដា នេះ កម្រិតជំនន់ទឹកភ្លៀងបាន កើនឡើងជាលំដាប់ ហើយបានជន់លិចទាំងស្រុងកំណាត់ផ្លូវជាតិលេខ៤ ស្ថានភាពបែបនេះមិនអាចអនុញ្ញាឲ្យ យានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ទីតាំងនោះបានទៀតទេ។
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់បន្ថែមថា «ដូចនេះដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងដើម្បីថែរក្សាគុណភាពផ្លូវ ស្ពាន កុំឱ្យ មានការបាក់ស្រុត ធានាប្រើប្រាស់បានយូរអង្វែង រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការផ្អាកចរាចរបណ្តោះ អាសន្នចំពោះយានយន្តគ្រប់ប្រភេទ ត្រង់ចំណុចគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរ បាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី»៕