អ៊ីតាលី៖ បន្ទាប់ពីលក្ខខណ្ឌអាកាសធាតុប្រែប្រួលខ្លំាងដោយទៅជារាំងស្ងួតព្រោះតែរលកកំដៅ លើសពី ៤០អង្សាសេ នៅតែបន្តអូសបន្លាយបានវាយប្រហារតំបន់ភាគច្រើននៅក្នុងប្រទេស រដ្ឋាភិបាលអ៊ីតាលី សម្រេចប្រកាសដាក់ប្រទេសក្នុងភាពអាសន្នហើយនៅថ្ងៃពុធនេះ។
តាមសេចក្តីរាយការណ៍បានឱ្យដឹងថា រដ្ឋាភិបាល នឹងប្រកាសដាក់ភាពអាសន្នជាធរមាន រហូតដល់ចុងឆ្នាំនេះ ក្នុងគោលបំណងដើម្បីដោះស្រាយ លក្ខខណ្ឌអាកាសធាតុក្តៅហួតហែង ដែលគំរាមកំហែង រួមទំាងការកាត់បន្ថយទិន្នផលកសិកម្មក្នុងផ្ទៃប្រទេសរហូតដល់មួយភាគបី។ ក្នុងនោះ រដ្ឋាភិបាលបានផ្តល់ថវិកាសរុបចំនួន ៣៦.៥ លានអឺរ៉ូ ស្មើនឹង(៣៧.៤៥ លានដុល្លារអាម៉េរិក) ទៅកាន់តំបន់ភាគខាងជើងប្រទេស ដើម្បីជួយដោះស្រាយការខ្វះខាតទឹកសម្រាប់ស្រោចស្រប់ដំណាំដល់ប្រជាកសិករ។
រដ្ឋាភិបាល នឹងអនុញ្ញាតឱ្យអាជ្ញាធរចាត់វិធានការជាបន្ទាន់ប្រសិនបើចាំបាច់ ដូចជាការផ្តល់ទឹកដល់ពលរដ្ឋ និងម្ចាស់អាជីវកម្មជាដើម។ ស្របពេលជាមួយគ្នានេះដែរ ទីក្រុងមួយចំនួនបានចាត់វិធានការបន្ថែម ដើម្បីសន្សំសំចៃទឹក តួយ៉ាងដូចជា ទីក្រុងមីឡង់ (Milan) បានបិទប្រព័ន្ធទឹករបស់រដ្ឋជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួត។
សេចក្តីប្រកាសនេះសោតទៀតត្រូវបានគេធ្វើឡើងមួយថ្ងៃ បន្ទាប់ពីដុំផ្ទាំងទឹកកកនៅភាគឦសានប្រទេសអ៊ីតាលី រលំបាក់ស្រុតចុះដោយសារតែសីតុណ្ហភាពកើនឡើងដល់កម្រិតអតិបរមា និងបណ្តាលឱ្យមនុស្សប្រាំពីរនាក់ស្លាប់៕SP