សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ការជួបកម្មករនៅខណ្ឌកំបូលនេះ ជាការជួបចុងក្រោយសម្រាប់ឆ្នាំ២០២៣ ខណៈសម្ដេច គ្រោងជួបចំនួន២ជុំទៀត
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានឲ្យដឹងថា ការជួបកម្មករ-និយោជិត នៅខណ្ឌកំបូល រាជធានីភ្នំពេញ នាពេលនេះ ជាការជួបលើកចុងក្រោយ សម្រាប់ឆ្នាំ២០២៣ ខណៈសម្ដេចគ្រោងជួបកម្មករ-និយោជិតចំនួន២ជុំទៀត ក្នុងអាណត្តិទី៧នេះ។
នាឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករជិត២ម៉ឺននាក់ នៅតាមបណ្តារោងចក្រ សហគ្រាសមានមូលដ្ឋាន ក្នុងខណ្ឌកំបូល នៅព្រឹកថ្ងៃ២១ វិច្ឆិកា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចុះជួបកម្មករ មានផលចំណេញយ៉ាងច្រើន ដើម្បីដឹងសុខទុក្ខពួកគាត់ ដោយសម្ដេចថា ក្នុងរយៈពេល៩០ថ្ងៃ ក្រោយកាន់តំណែងជានាយករដ្ឋមន្រ្តី សម្តេចបានចុះជួបសំណេះសំណាលជាមួយកម្មករចំនួន១០ដងហើយ ដោយមានកម្មករ-កម្មការិនីជាង២០ម៉ឺននាក់។
សម្ដេចគូសបញ្ជាក់ថា «អីចឹងថ្ងៃនេះ គឺជាការជួបលើកទី១០ ហើយសម្រាប់ឆ្នាំ២០២៣នេះ ជាការជួបចុងក្រោយ សម្រាប់កម្មវិធីខ្ញុំ។ មិនមែនជាកម្មវិធីចុងក្រោយលែងជួប បងប្អូនកម្មករ និយោជិត ចឹងទៀតទេ យើងនឹងបន្ដជួបបន្ដិចទៀត នៅពេលក្រោយក្នុងអាណត្តិនេះ ។ យើងថា យ៉ាងហោចណាស់ជួបពីរជុំទៀត ក្នុងមួយអាណត្តិនេះ»។
សម្ដេចឲ្យដឹងទៀតថា ទោះបីសម្ដេច មិនជួបកម្មករ-និយោជិត ក៏សម្ដេច នៅតែយកចិត្តទុកដាក់ចំពោះពួកគាត់ ព្រមទាំងយកចិត្តទុកចំពោះការចរចាប្រាក់ឈ្នួលផងដែរ។ សម្ដេចបន្ដថា នៅមានបណ្ដាខេត្តជាច្រើន មានការសំណូមពរមកសម្ដេច ដើម្បីស្នើសុំចុះជួប។ សម្តេចបន្ថែមថា អ្នកដែលថារាជរដ្ឋាភិបាល «ដេក» ប្រហែលអត់មើលសកម្មភាពរបស់រាជរដ្ឋាភិបាលទេ ព្រោះការចុះជួបកម្មករ មិនជួបតាមសុបិន្តទេគឺជួបផ្ទាល់៕EB