នាយករដ្ឋមន្ដ្រីកម្ពុជា ៖ ការប្រើប្រាស់នាវាមុជទឹកដើរដោយនុយក្លេអ៊ែររវាង អាមេរិក អង់គ្លេស អូស្ដ្រាលី កំពុងក្លាយជាកង្វល់របស់អាស៊ាន
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ទាក់ទងទៅនឹងការប្រើប្រាស់នាវាមុជទឹកដើរដោយនុយក្លេអ៊ែររវាង អាមេរិក អង់គ្លេស អូស្ដ្រាលី កំពុងក្លាយជាកង្វល់របស់អាស៊ាន និងបណ្ដាប្រទេសក្នុងតំបន់ ព្រោះថា អាស៊ាន មានចំណុចពិសេសរបស់ខ្លួន គឺជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ។
ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា បញ្ហាភូមិសាស្ដ្រនយោបាយក្លាយទៅជាប្រធានបទដ៏ក្ដៅគគុក គឺសង្គ្រាម មិនមែនជាបញ្ហាសង្គ្រាមរវាង រុស្ស៊ី និងអ៊ុយក្រែន នោះទេ។ សម្ដេច ថា ឥឡូវនេះ តំបន់អាស៊ី កំពុងជាគោលដៅនៃបញ្ហាប្រឈមដ៏គ្រោះថ្នាក់។
សម្ដេចតេជោ បន្ដថា «ឥឡូវប្រទេសមួយចំនួន បានបញ្ជូននាវាចូលមកកាន់ ក្នុងភូមិសាស្ដ្រអាស៊ី អាគ្នេយ៍ ហើយតម្រង់ឆ្ពោះទៅរកសមុទ្រចិនខាងត្បូង បន្ថែមពីលើនោះ សម្ព័ន្ធភាពខ្នាតតូចទាក់ទងទៅនឹងការប្រើប្រាស់នាវាមុជទឹកដើរដោយនុយក្លេអ៊ែរ រវាង អាមេរិក អង់គ្លេស អូស្ដ្រាលី ក៏កំពុងក្លាយទៅកង្វល់របស់អាស៊ាន និងបណ្ដាប្រទេសក្នុងតំបន់ ព្រោះថា អាស៊ាន មានចំណុចពិសេសរបស់ខ្លួន គឺជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ ហើយប្រឆាំងការរីកសាយភាយ អាវុធនុយក្លេអ៊ែរផងដែរ។ សម្ដេច បន្ថែមថា បើសិនគ្មានហានិភ័យអ្វី ក៏វាជាចំណុចចាប់ផ្ដើមនៃការរត់ប្រណាំងអាវុធ ក៏មានគ្រោះថ្នាក់»។
សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ខ្ញុំយល់ឃើញថា បើសិនបន្ដស្ថានភាពនេះតទៅទៀត ពិភពលោកនឹងប្រឈមគ្រោះថ្នាក់កាន់តែធំ។ ក៏ប៉ុន្ដែយើងនូវតែមានសុឆ័នៈថា ពិភពលោករកការស្រុះស្រួលគ្នាមួយ ដើម្បីគ្រប់គ្រងទំនាក់ទំនង ជាពិសេសភាពតានតឹងរវាងសហរដ្ឋអាមេរិក ជាមួយចិន គឺត្រូវរកវិធីគ្រប់គ្រងទំនាក់ទំនងនេះ ហើយជៀសវៀងឱ្យបានកើតឡើងវិញ ព្រោះថា សង្គ្រាមត្រជាក់បានកើតរួចទៅហើយ ធ្វើយ៉ាងណាទប់ស្កាត់កុំក្លាយជាហានិភ័យគ្រោះថ្នាក់ នៃសង្គ្រាម ចាប់ផ្ដើមពីការប៉ះទង្គិចគ្នាដោយអាវុធណាមួយ»។
សម្ដេច នាយករដ្ឋមន្ដ្រី បានឱ្យដឹងទៀតថា អង្គការណាតូ ធ្លាប់តែនៅទិសខាងលិច ឥឡូវណាតូកំពុងបែរឆ្ពោះមកកាន់តំបន់អាស៊ី៕EB