BREAKING៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ប្រកាសថា ការបង្កើត អគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ក្រសួងមហាផ្ទៃ
ភ្នំពេញ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ការបង្កើតនូវ អគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ក្រសួងមហាផ្ទៃ ក្នុងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។
នាឱកាសអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែង អគ្គលេខាធិការ អគ្គនាយក និងប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ នៅទីស្ដីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានរំលឹកថា ដោយមានការផ្ដួចផ្ដើមពី សម្ដេចក្រឡាហោម ស ខេង, ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតនូវ អគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។
ឯកឧត្តមអភិសន្ដិបណ្ឌិត ជឿជាក់ថា អគ្គនាយកមួយនេះ នឹងបន្ដជួយសម្របសម្រួលបទល្មើសនានាពាក់ព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមអភិសន្ដិបណ្ឌិត បានណែនាំឱ្យស្រាវជ្រាវបន្ថែមទៀត ក្នុងការពង្រឹងឌីជីថល នៅក្នុងការប្រើប្រាស់ System នៅក្រសួងមហាផ្ទៃ។
ឯកឧត្តមអភិសន្ដិបណ្ឌិត បន្ដថា នាពេលបច្ចុប្បន្ន ពិភពលោកមានការប្រែប្រួល ដូច្នេះ មន្ដ្រីក្រសួងមហាផ្ទៃទាំងអស់ ត្រូវបង្កើនសមត្ថភាពរបស់ខ្លួន ក្នុងការប្រើប្រាស់ឌីជីថល។
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មានប្រសាសន៍ថា «ដូច្នេះហើយ ការបង្កើតអគ្គនាយកដ្ឋាន បច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ គឺមានសារៈសំខាន់ណាស់ សម្រាប់ក្រសួងមហាផ្ទៃរបស់យើង ព្រោះក្រសួងយើង ជាក្រសួងគំរូមួយ ដែលមានតួរអង្គសំខាន់ ក្នុងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។ កំណែទម្រង់មួយនេះ ខ្ញុំជឿជាក់ថា រដ្ឋបាលថ្នាក់ក្រោមជាតិ នឹងផ្ដល់សេវាមួយយ៉ាងច្បាស់លាស់ ជូនដល់ប្រជាពលរដ្ឋ»៕EB