ជម្លៀសមនុស្សរាប់ពាន់ ក្រោយមានអគ្គីភ័យបានឆាបឆេះជំរុំជនភៀសខ្លួនរ៉ូហ៊ីងយ៉ាក្នុងប្រទេសបង់ក្លាដែស
បង់ក្លាដែស៖ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ១លាននាក់បានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសបង់ក្លាដែស ដោយក្នុងនោះប្រហែល ៧៤០,០០០នាក់ បានចាប់ផ្តើមឆ្លងកាត់ព្រំដែនក្នុងខែសីហា ឆ្នាំ ២០១៧ នៅពេលដែលយោធាមីយ៉ាន់ម៉ាបានបើកការបង្ក្រាបយ៉ាងឃោរឃៅ។នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៥ ខែមីនា ឆ្នាំ២០២៣។
មន្ត្រីពន្លត់អគ្គីភ័យម្នាក់ និងអង្គការសហប្រជាជាតិបាននិយាយថា មានភ្លើងឆេះដ៏ធំមួយបានកើតឡើង នៅក្នុងជំរុំជនភៀសខ្លួនដ៏ចង្អៀតមួយ សម្រាប់ជនជាតិរ៉ូហ៊ីងយ៉ានៅភាគខាងត្បូងប្រទេសបង់ក្លាដែសនៅថ្ងៃអាទិត្យ ទី០៥ មីនានេះ ដោយបានជម្លៀសមនុស្សរាប់ពាន់នាក់ចេញ។
លោក Imdad Ul Haq មន្ត្រីពន្លត់អគ្គីភ័យបាននិយាយថា ភ្លាមៗគ្មានអ្នករងរបួសណាមួយត្រូវបានរាយការណ៍ ដោយសារគ្រោះអគ្គីភ័យដែលកើតឡើងនៅឯជំរុំ Balukhali ក្នុងសង្កាត់ Cox's Bazar នោះទេ។ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែអាក្រក់ឡើង ចាប់តាំងពីរដ្ឋប្រហារយោធាក្នុងឆ្នាំ ២០២១ ហើយការប៉ុនប៉ងនាំយកពួកគេត្រឡប់មកមាតុភូមិវិញក៏បានបរាជ័យ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបាននិយាយកាលពីឆ្នាំមុនថា ការធ្វើទុក្ខបុកម្នេញលើជនជាតិរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសមីយ៉ានម៉ា គឺជាអំពើប្រល័យពូជសាសន៍ បន្ទាប់ពីអាជ្ញាធរសហរដ្ឋអាមេរិកបានបញ្ជាក់ពីអំពើឃោរឃៅដ៏ធំ ប្រឆាំងនឹងជនស៊ីវិលដែលប្រព្រឹត្តដោយយោធានៅក្នុងយុទ្ធនាការជាប្រព័ន្ធ ប្រឆាំងនឹងជនជាតិភាគតិចមួយនេះ៕