អាមេរិក៖ ប្រធានាធិបតីរបស់សហរដ្ឋអាម៉េរិក លោក ចូ បៃឌិន នឹងទៅបំពេញទស្សនកិច្ចនៅវៀតណាមខែក្រោយ ដើម្បីជួបជាមួយមន្ត្រីកំពូលអំពីបញ្ហានានា រាប់ចាប់ពីបច្ចេកវិទ្យា និងសេដ្ឋកិច្ច រហូតដល់ស្ថិរភាពក្នុងតំបន់ និងការប្រែប្រួលអាកាសធាតុ ខណៈដែលក្រុងវ៉ាស៊ីនតោនសម្លឹងមើលទំនាក់ទំនងកាន់តែជិតស្និទ្ធនៅក្នុងតំបន់មួយនេះ។

សេតវិមាន បានបង្ហាញថា លោក បៃឌិន នឹងជួបជាមួយអគ្គលេខាបក្សកុម្មុយនីស្ដ លោក ង្វៀន ភូទ្រុង និងមេដឹកនាំកំពូលវៀតណាមផ្សេងទៀត នៅទីក្រុងហាណូយនៅថ្ងៃទី១០ ខែកញ្ញា មុនពេលធ្វើដំណើរទៅកាន់រដ្ឋអាឡាស្កា ដើម្បីរំលឹកខួបនៃការវាយប្រហារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លើសហរដ្ឋអាម៉េរិក។ ទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយទីក្រុងហាណូយ ដោយចាត់ទុកថា ប្រទេសកុម្មុយនីស្ដមួយនេះ ជាដៃគូដ៏សំខាន់នៅក្នុងតំបន់ នៅពេលទំនាក់ទំនងរបស់អាម៉េរិកជាមួយទីក្រុងប៉េកាំងកាន់តែតានតឹង។ 

រដ្ឋបាលលោក បៃឌិន បានស្វែងរកការពង្រឹងទំនាក់ទំនងរបស់សហរដ្ឋអាម៉េរិកនៅក្នុងតំបន់អាស៊ី ហើយលោក បៃឌិន នឹងមកដល់ប្រទេសវៀតណាម បន្ទាប់ពីប្រទេសឥណ្ឌា ជាកន្លែងដែលលោកគ្រោងនឹងធ្វើទស្សនកិច្ចចាប់ពីថ្ងៃទី៧-១០ ខែកញ្ញា និងចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០។ ទោះជាយ៉ាងណា លោកមិនបានចូលរួមកិច្ចប្រជុំអាស៊ាននៅដើមខែក្រោយទេ ខណៈអវត្តមានរបស់លោកនឹងត្រូវជំនួសឱ្យការបញ្ជូនអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស។ ក្រុមអ្នកការទូត បានលើកឡើកថា វានឹងក្លាយជាការខកចិត្តដ៏ធំមួយ ប្រសិនបើលោក បៃឌិន មិនចូលរួមកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានប្រទេសចំនួន១០នៅទីក្រុងហ្សាកាតា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ