សម្ដេចតេជោ ហ៊ុន សែន ស្នើក្រសួងអប់រំពិនិត្យលទ្ធភាពពន្យារវិស្សមកាលតូច នាឱកាសប្រកួតកីឡាស៊ីហ្គេម ដើម្បីឲ្យស្សិស្ស-និស្សិត ចូលរួមអបអរសាទរ និងលើកទឹកចិត្តដល់កីឡាករ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានស្នើក្រសួងអប់រំយុវជន និងកីឡា ពិនិត្យលទ្ធភាពពន្យារវិស្សមកាលតូច នាឱកាស ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខ ដើម្បីផ្តល់ឱកាសឲ្យសិស្ស-និស្សិត ចូលរួមបម្រើការងារជាអ្នកស្ម័គ្រចិត្ត និងចូលរួមអបអរសាទរលើកទឹកចិត្តកីឡាករ កីឡាការិនី ជាតិ-អន្តរជាតិ។
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំ ជាប្រវត្តិសាស្រ្តនេះឲ្យទទួលបានជោគជ័យខ្ពស់ សម្តេច បានដាក់ចេញគោលការណ៍ ដូចជា៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវយកចិត្តទុកដាក់លើគ្រប់មុខសញ្ញា គ្រប់គ្រងព្រឹត្តិការណ៍សំខាន់ៗឲ្យបានរួចរាល់ និងទាន់ពេល ពិសេសការងារដែលត្រូវការពេលយូរ ត្រូវចាប់ផ្ដើមពីពេលនេះតទៅ ដូចជាការជួសជុលកែលម្អទីលានប្រកួតការរៀបចំប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យា ជីអឹមអេស (GMS) ការរៀបចំពិធីបើក និងពិធីបិទ ព្រមទាំងការរៀបចំកន្លែងស្នាក់នៅ ហូបចុក និងដឹកជញ្ជូនជាដើម។
សម្ដេចតេជោ បានអំពាវនាវសារជាថ្មីដល់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជនចូលរួមយុទ្ធនាការផ្សព្វផ្សាយ និងយុទ្ធនាការលាងសម្អាតផ្ទះ និងសង្គមយើង តាមរយៈយុទ្ធនាការ «ប្រជាជន ម្នាក់លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត» «កម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ សេវាល្អ» «កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយឥទ្ធិពលគ្រឿងញៀន» និង «កីឡារស់ក្នុងសន្តិភាព» ឲ្យបានផុសផុល ទាំងក្នុង និងក្រៅប្រទេស។
សម្ដេចតេជោ បានបញ្ជាក់ថា «ខ្ញុំសូមស្នើក្រសួងអប់រំយុវជន និងកីឡា ពិនិត្យលទ្ធភាពពន្យារវិស្សមកាលតូច ក្នុងអំឡុងពេលចូលឆ្នាំខ្មែរប្រពៃណីជាតិរហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ដើម្បី ផ្តល់ឱកាសឲ្យសិស្ស-និស្សិត ចូលរួមបម្រើការងារជាអ្នកស្ម័គ្រចិត្ត និងចូលរួមអបអរសាទរលើកទឹកចិត្តកីឡាករ កីឡាការិនីជាតិ-អន្តរជាតិ»។
លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវបណ្តាប្រទេសសមាជិកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម មេត្តាផ្តល់នូវការគាំទ្រក្នុងគ្រប់ទម្រង់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យការរៀបចំការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ទទួលបានជោគជ័យ៕EB