ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសប្រឆាំងដាច់ខាតនយោបាយជ្រុលនិយម ដើម្បីរក្សាសុខសន្ដិភាព និងសុខដុមរមនា នៅក្នុងសង្គមជាតិ។

នាឱកាសអញ្ជើញជាអធិបតីពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា មកដល់ពេលនេះគ្មានពលរដ្ឋកម្ពុជាណាម្នាក់ រងទុក្ខបុកម្មិញ នៃការគោរពជំនឿសាសនាឡើយ នេះបង្ហាញពីសិទ្ធិសេរីភាព នៃការប្រត្តិបត្តទៅតាមជំនឿសាសនារៀងៗខ្លួន។

សម្ដេច បញ្ជាក់ថា «កត្តាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជា ការចូលរួមរបស់សហគមន៍ នៅក្នុងការជួយទប់ស្ដាត់ និងលុបបំបាត់ការកើតមាននៅលើទឹកដីកម្ពុជា នូវការប្រកាន់គោលជំហរ ការរើសអើង  ឬមួយគោលនយោបាយ ទស្សនៈជ្រុលនិយមបែបណាមួយនោះ គឺដាច់ខាតរួមគ្នាការពារកុំឲ្យកើតមាន បើមានត្រូវលុបបំបាច់ឲ្យអស់ ដើម្បីថែរក្សាសុខសន្ដិភាព និងសុខដុមរមនា នៅក្នុងសង្គមរបស់យើង។ ទស្សនៈជ្រុលនិយម មិនថាក្នុងសាសន៍ ឬនយោបាយ ត្រូវលុបបំបាត់ និងបំផ្លាញចោល ព្រោះវាធ្វើឱ្យបែកសាមគ្គី នៅក្នុងសង្គមជាតិ»។

សម្ដេច បន្ដថា ព្រោះថា សង្គ្រាមមិនចាំបាច់កើតឡើងដោយសារអាវុធនោះទេ អាវុធគឺឧបករណ៍មួយ អ្វីដែលកើតឡើងមុនគេ គឺជម្លោះនៅក្នុងចិត្តរបស់ប្រជាពលរដ្ឋ។ សម្ដេច ថា ការប្រកាន់ ការរើសអើង ការលាបព័ណ៌គ្នា ការធ្វើឲ្យស្អប់សញ្ញាជាតិនេះ សាសន៍នោះ គឺជាកត្តាធ្វើឲ្យមនុស្សឈានទៅដល់ការស្អប់គ្នា។

ដើម្បីរួមគ្នារក្សាសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា សាសនា ពិតជាមានសារសំខាន់ចូលរួមរក្សាសន្តិភាព និងសណ្តាប់ធ្នាប់សង្គម តាមរយៈការជំរុញ និងលើកកម្ពស់ការប្រតិបត្តិធម៌វិន័យឲ្យបានត្រឹមត្រូវ អប់រំ ការបន្តជួយដល់សង្គមជាតិលើការលើកកម្ពស់គុណធម៌ សុជីវធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏ថ្លៃថ្លារបស់ជាតិ តាមរយៈការសម្ដែងធម្មទេសនា និងការផ្សព្វផ្សាយតាមបណ្ដាញសង្គម ដើម្បីជួយធ្វើឲ្យប្រជាជនកម្ពុជាមាន នូវបញ្ញាស្មារតីដោយព្រហ្មវិហារធម៌ចូលរួមជួយឲ្យសង្គមជាតិឱ្យមានសុខដុមរមនា និងពង្រឹងសាមគ្គីធម៌៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ