ចំនួនអ្នកស្លាប់ក្នុងគ្រោះទឹកជំនន់មិនធ្លាប់មាននៅអាល្លឺម៉ង់ និងប៊ែលហ្សិក កើនដល់ ១៧០នាក់ និងបាត់ខ្លួនជាង ១,៤០០នាក់ទៀត
(អាល្លឺម៉ង់)៖ អ្នកស្លាប់ដោយសារតែគ្រោះទឹកជំនន់ដ៏អាក្រក់មិនធ្លាប់មាននៅ ប្រទេសអាល្លឺម៉ង់ និងប៊ែលហ្សិក បានកើនដល់ ១៧០នាក់ហើយ ដោយក្នុងនោះអាល្លឺម៉ង់ បាននិងកំពុងរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១។
គិតត្រឹមល្ងាចថ្ងៃសៅរ៍ម្សិលមិញ ចំនួនមនុស្សស្លាប់នៅអាល្លឺម៉ង់តែឯង មានចំនួនរហូតដល់ទៅ ១៤៣នាក់ឯណោះដោយឡែកប្រជាជននៅអាល្លឺម៉ង់ជាង ១,៣០០នាក់ទៀត កំពុងបាត់ខ្លួននៅឡើយស្ថិតក្នុងរដ្ឋ រ៉ាញលែនដ៍ ផាឡាទីណេត (Rhineland-Palatinate)។ អាល្លឺម៉ង់ក៏បានបញ្ជូនយោធាឲ្យទៅស្វែងរក និងសង្គ្រោះអ្នកបាត់ខ្លួនទាំងនោះផងដែរ។
ដោយឡែកនៅប្រទេសប៊ែលហ្សិកវិញ មនុស្សសរុបជាង ២៧នាក់ត្រូវបានអាជ្ញាធរបញ្ជាក់ថា ស្លាប់ និង ១០៣នាក់ទៀតបាត់ខ្លួន ក្នុងគ្រោះទឹកជំនន់ដូចខាងលើនេះ។ គ្រោះទឹកជំនន់ និងការបាក់ដីបានកើតមានឡើង ក្រោយតំបន់ភាគកណ្តាលនៃទ្វីបអឺរ៉ុបនេះ បានទទួលរងភ្លៀងធ្លាក់ដ៏អាក្រក់ រហូតដល់ចំនួនទៅ ២៤ម៉ោងជាប់ៗគ្នា ដែលមិនធ្លាប់មាននោះឡើយ នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ៕SP