កម្ពុជា-វៀតណាម ឯកភាពគ្នាបន្តបោះបង្គោលព្រំដែននៅសេសសល់ ១៦%ទៀត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាជនប្រទេសទាំងពីរ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក ដុ វ៉ាន់ចៀន គណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានឯកភាពគ្នាបន្តបោះបង្គោលព្រំដែននៅសេសសល់ ១៦ភាគរយទៀត ឲ្យបានឆាប់រហ័ស ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាជនប្រទេសទាំងពីរ។
នាឱកាសអនុញ្ញាតឲ្យលោក ដុ វ៉ាន់ចៀន គណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវមោទនភាពចំពោះ ការរីកចម្រើន នៃទំនាក់ទំនងល្អប្រសើររបស់ប្រទេសទាំងពីរ ហើយប្រែក្លាយតំបន់ព្រំដែន ដែលធ្លាប់មានអរិយភាព ឲ្យក្លាយទៅជាតំបន់ មានសន្តិភាពសុវត្ថិភាព ស្ថិរភាព និងការអភិវឌ្ឍ មានកិច្ចសហប្រតិបត្តិការ ហើយប្រជាជនប្រទេសទាំងពីរ បានប្រកបរបររកស៊ីជាមួយគ្នា ដែលធ្វើឲ្យសេដ្ឋកិច្ច និងពាណិជ្ជកម្ម បានកើនឡើងជាលំដាប់។
សម្ដេច បានបញ្ជាក់ថា «ចំពោះស្ថិរភាព និងទំនាក់ទំនងប្រទេសទាំងពីរ ពិសេសក្នុងការដែលសម្រេចបាននូវការបោះបង្គោលព្រំដែនចំនួន ៨៤ភាគរយ ហើយក្នុងជំនួបនេះ បានឯកភាពគ្នា នឹងជំរុញដើម្បីបន្តការបោះបង្គោលព្រំដែនដែលនៅសល់ ១៦ភាគរយទៀត ឱ្យបានឆាប់រហ័ស ដើម្បីប្រែក្លាយប្រទេសទាំងពីរឲ្យមានសុខសន្តិភាព មានព្រំដែនស្ថេរភាព បង្កលក្ខណៈងាយស្រួលដល់ប្រជាជនប្រទេសទាំងពីរទៅមករកគ្នា បំពេញឲ្យគ្នាពិសេស ក្នុងដំណាក់កាលនៃជំងឺកូវីដ-១៩ នេះ យើងប្រែក្លាយការលំបាកទាំងអស់នេះ ឲ្យទៅជាសក្ដានុពល ប្រើឲ្យអស់លទ្ធភាពដែលយើងមាន ដើម្បីពង្រីកនូវទំហំពាណិជ្ជកម្ម ឱ្យបានល្អប្រសើរថែមទៀត»។
នាឱកាសនោះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏ដូចជាភាគីវៀតណាម បានរំលឹកពីដំណើរការឆ្លងកាត់ដងវែងឆ្ងាយដែលបក្ស រណសិរ្សទាំងពីរ បានឆ្លងកាត់ជាមួយគ្នា បានជួយគ្នាទៅវិញទៅមក ពិសេស សម្ដេច រំលឹកពីដំណើរតស៊ូរបស់ សម្ដេច និងការជួយឧបត្ថម្ភរបស់មិត្តវៀតណាម ក្នុងការជួយរំដោះប្រទេសកម្ពុជា ហើយទប់ស្កាត់ការវិលត្រឡប់របស់របបខ្មែរក្រហម និងការជួយជាបន្តបន្ទាប់។
ឆ្លៀតឱកាសនោះដែរ លោក ដុ វ៉ាន់ចៀន ក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការដែល សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយជោគជ័យ និងមានអត្រាចាក់វ៉ាក់សាំងនាំមុខនៅក្នុងតំបន់ និងពិភពលោក ហើយទទួលបានលទ្ធផលការប្រសើរ បានបើកប្រទេសឡើងវិញ និងបានស្ដារសេដ្ឋកិច្ចឡើងវិញ៕