នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ លោក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ឲ្យដឹងថា ស្ត្រីជនជាតិខ្មែរម្នាក់ដែលបានសរសេរសារ បង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា នាងត្រូវបានមេខ្យល់ឆបោកឲ្យទៅរៀបការជាមួយប្ដីជនជាតិចិន ហើយត្រូវបានគេបង្ខាំងបិទសេរីភាពក្នុងការរស់នៅ  និងបានទទូចស្នើសុំឲ្យអាជ្ញាធរកម្ពុជាជួយអន្តរាគមន៍នាំ មកប្រទេសកម្ពុជានោះ ត្រូវបានរកឃើញហើយ និងបានបញ្ជូនទៅអគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសចិន ដើម្បីអនុវត្តនីតិវិធីធ្វើបត្យាប័នមកកម្ពុជាវិញ។ 

លោកបានបញ្ជាក់បន្ថែមថា ការទទួលជោគជ័យក្នុងការស្រាវជ្រាវស្វែងរកអាសយដ្ឋានស្នាក់នៅឯប្រទេសចិនរបស់នារីរងគ្រោះខាងលើ និងបានធ្វើការសង្គ្រោះនោះ គឺបានទទួលកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរចិន និងអាជ្ញាធរកម្ពុជា។

លោក ជីវ ផល្លី បានថ្លែងថា កម្លាំងជំនាញរបស់នាយកដ្ឋាន បានស្វែងរកឃើញសាច់ញាតិ និងសាកសួរព័ត៌មានលម្អិត ដើម្បីធ្វើការស្រាវជ្រាវ និងកំណត់អត្តសញ្ញាណមេខ្យល់ ព្រមទាំងបានស្របសម្រួលឱ្យម្ដាយនារីរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅក្រសួងមហាផ្ទៃ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ មន្ត្រីជំនាញរបស់នាយកដ្ឋាន បានបញ្ជូនព័ត៌មានបន្ថែមទៀត រួមមានគណនីហ្វេសប៊ុក ដែលមានអាសយដ្ឋាន អត្តសញ្ញាណបណ្ណប្ដីជនជាតិចិន ឲ្យទៅក្រុមការងារលេខាធិការដ្ឋានមេគង្គឡានឆាង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីមានមូលដ្ឋានក្នុងការស្រាវជ្រាវសង្គ្រោះ ទើបនៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ អាជ្ញាធរចិនបានឆ្លើយតបថា បានរកឃើញនារីរងគ្រោះ និងបានសង្គ្រោះ ព្រមទាំងបានបញ្ជូនទៅកាន់អគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសចិន ដើម្បីអនុវត្តន៍នីតិវិធីបន្ត។

សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានទទួលព័ត៌មានពីក្រុមការងារប្រតិកម្មរហ័សរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងការចុះផ្សាយលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់គណនីឈ្មោះ វាសនាកូនស្រីទី៤ ដោយបានសរសេរខ្លឹមសារបង្ហោះក្នុងបណ្ដាញទំនាក់ទំនងសង្គមថា ពុំមានសេរីភាពក្នុងការរស់នៅ បន្ទាប់ពីចាញ់បោកមេខ្យល់រៀបការប្ដីជនជាតិចិន និងទទួចសំណូមពរឲ្យអាជ្ញាធរកម្ពុជាអន្តរាគមន៍ជួយសង្គ្រោះត្រឡប់មករស់នៅប្រទេសកម្ពុជាវិញ។ ក្នុងខ្លឹមសារសំណេរបញ្ជាក់ថា នាងមានឈ្មោះ ធួក សុភី អាយុ ២០ ឆ្នាំ នៅភូមិឃ្សឹបក្រៅ ឃុំឃ្សឹបក្រៅ ស្រុកស្នួល ខេត្តក្រចេះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ