បាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវមជ្ឈមណ្ឌលបន្សាបព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣៕

នាឱកាសនោះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ដែលប្រាព្ធពិធីសម្ពោធដាក់ឲ្យដំណើរការនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្ត ដែលជាគំនិតផ្តួចផ្តើមសាងសង់ដោយ លោក កែ ស៊ីនួន និងមានការគាំទ្រពី សម្តេចក្រឡាហោម ស ខេង។

 

លោក អភិបាលខេត្ត បន្ដថា មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀនសាងសង់លើផ្ទៃដីទំហំ ១៥ហិកតា ដោយចាប់ផ្តើមសាងសង់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២ អស់រយៈពេល ៦ខែ ។ មជ្ឈមណ្ឌលនេះ មានអគារស្នាក់នៅរួមចំនួន ២ខ្នង អគារមានបន្ទប់ដាច់ ដោយឡែកចំនួន ២៣បន្ទប់ អាចទទួលអតិថិជនអ្នកញៀនគ្រឿងញៀនស្នាក់នៅបាន ចំនួន ៤០០នាក់ទៅ ៥០០នាក់។

 

លោក អភិបាលខេត្ត បន្ថែមថា ក្រៅពីនេះនៅមានអគារបន្យាបព្យាបាល អគាររដ្ឋបាល អគារបណ្តុះបណ្តាលវិជ្ជាជីវៈ អគារ (បន្ទប់ផ្ទះបាយ បន្ទប់ទឹក អាហារដ្ឋាន បណ្ណាល័យ បន្ទប់កែច្នៃអាហារ បន្ទប់រៀនទ្រឹស្ដី ជាដើម។ ក្នុងទីធ្លាមជ្ឈមណ្ឌល មានរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវចាក់បេតុង ដាំស្មៅ កន្លែងហាត់កីឡា តារាងបាល់ ទាត់ បាល់បោះ បាល់ទះជាដើម។ លើសពីនេះ មជ្ឈមណ្ឌល មានគម្រោងសាងសង់អគារស្នាក់នៅបន្ថែមទៀត បើមានតម្រូវការអតិថិជនជាជនរងគ្រោះដោយសារគ្រឿងញៀនមកទទួលសេវាព្យាបាល៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ