ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីណែនាំ ដោយអំពាវនាវដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន ការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ ដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឲ្យបានល្អ និងចៀសផុតពីជំងឺដង្កាត់ ដែលអាចកើតមានជាយថាហេតុបណ្តាលមកពី អាកាសធាតុចុះត្រជាក់នេះ។

 ក្រសួងសុខាភិបាល សូមធ្វើការណែនាំដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាជនដែលរស់នៅ ក្នុងតំបន់ដែលមានអាកាសធាតុចុះត្រជាក់ខ្លាំង ត្រូវស្លៀកពាក់អាវក្រាស់ៗ រុំកនឹងកន្សែង ពាក់មួក និងស្រោមដៃរងារ ដើម្បីការពារកុំឲ្យធាតុត្រជាក់ប៉ះខ្លួនប្រាណដោយចំហរ ធ្វើយ៉ាងណាឲ្យមានការរក្សាកំដៅក្នុងខ្លួនជាធម្មតា។ស្វែងរកការព្យាបាលវេជ្ជសាស្រ្ត នៅគ្រឹះស្ថានសុខាភិបាល ប្រសិនបើលោកអ្នកមានរោគសញ្ញា ពិបាកដកដង្ហើម គ្រុនក្តៅ ក្អក ឈឺក និង ឈឺសាច់ដុំ ឬមានបញ្ហាសុខភាពផ្សេងទៀត ដែលមិនបានរៀបរាប់នៅក្នុងសេចក្តីណៃនាំនេះបានអស់។

ពេលលោកអ្នក ក្អក ឬ កណ្តាស សូមខ្ទប់មាត់ជាមួយក្រដាស ក្រណាត់ ឬកន្សែងស្អាត។ បើគ្មានក្រណាត់ ឬកន្សែង សូមក្អកឬ កណា្ដស់ដោយយកដៃអាវខ្ទប់មាត់ មិនត្រូវប្រើដៃទទេរបស់លោកអ្នកនោះទេ។លាងសម្អាត ដៃ របស់លោកអ្នក ឲ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹក ហើយចៀសវាងយកដៃលោកអ្នកទៅប៉ះពាល់ភ្នែក ច្រមុះនិង មាត់របស់លោកអ្នក ប្រសិនបើមិនទាន់បានលាងសម្អាតទេនោះ។

ពេលអាកាសធាតុចុះត្រជាក់ ទារក កុមារនិង មនុស្សមានវ័យចំណាស់ មានហានិភ័យខ្ពស់ ទាក់ទងនឹងជំងឺបណ្តាលមកពីអាកាសធាតុត្រជាក់។ទារកបាត់បង់កំដៅរាងកាយរហ័សជាងមនុស្សធំ។ លើសពីនេះទៅទៀត ទារក និងកុមារតូច មិនអាចរក្សាកំដៅរាងកាយ ឲ្យបានគ្រប់បានទេ ដូច្នេះ គួរតែស្លៀកពាក់សម្លៀកបំពាក់ច្រើនជាន់ ចៀសវាងសម្លៀកបំពាក់តឹង ពីព្រោះវាអាចរំខានដល់ចរាចរឈាម ក្នុងរាងកាយ និងបណ្តាលឲ្យបាត់បង់កំដៅរាងកាយ។ព្រមជាមួយគ្នានោះ ត្រូវពិសារទឹកឲ្យបានញឹកញាប់ ដើម្បីចៀសវាងការបាត់បង់ជាតិទឹក នៅពេលសរីរាង្គខិតខំទប់ទល់ទៅនឹងភាពត្រជាក់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ