សម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍អ្នកសង្កេតការណ៍ជាង ៣០០នាក់ មកពី ៦៥ប្រទេស ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោត នៅកម្ពុជា
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍អ្នកសង្កេតការណ៍ចំនួន ៣៣៣នាក់ មកពី៦៥ប្រទេស និង ស្ថាបន័អន្តរជាតិ ដែលបាន និងកំពុងអញ្ជើញមកកាន់កម្ពុជា ដើម្បីចូលរួមសង្កេតការណ៍ ការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។
តាមរយៈតេឡេក្រាមនាថ្ងៃទី២០ កក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម លោកជំទាវ ទាំង៣៣៣នាក់ មកពី៦៥ប្រទេសនិង ស្ថាបន័អន្តរជាតិដែលបាន និងកំពុងអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ»។
ជាមួយគ្នានោះ សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះ លោកប្រធានសភា ប្រទេសម៉ាឡេស៊ី និងលោកនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីស្សូ ដែលអញ្ជើញមកដើម្បីសង្កេតការណ៍ដោយផ្ទាល់។ សម្ដេចក៏ក៏ថ្លែងអំណរគុណ អតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតប្រធាន អនុប្រធានរដ្ឋសភាទាំង១១រូប ដែលបានចំណាយពេលវេលា ធ្វើដំណើរមកកាន់កម្ពុជា ដើម្បីធ្វើជាសាក្សីនៃដំណើរការ ប្រជាធិបតេយ្យនៅកម្ពុជា។
សម្ដេចតេជោ គូសបញ្ជាក់ថា យើងធ្លាប់បានបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ ៦លើករួចមកហើយ និងលើកទី៧ ឆ្នាំ២០២៣នេះ មានអ្នកសង្កេតការណ៍មកពីក្រៅប្រទេសច្រើនបំផុត និងមានឥស្សរជនជាន់ខ្ពស់ច្រើនបំផុតមកចូលរួមសង្កេតការណ៍ ៕EB