ភ្នំពេញ ៖ លោក មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា (Muhammad Bin Abdulkarim Al-Issa) អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម បានថ្លែងថា កម្ពុជា ជាប្រទេសមួយស្ថិតនៅក្នុងបេះដូងរបស់លោក ហើយប្រទេសមិនមានការរើសអើងខាងសាសនា ផ្ទុយទៅវិញ ជាប្រទេសមានសន្តិសហវិជ្ជមានជាតិសាសន៍ និងសាសនា នេះជាតម្លៃពិតរបស់កម្ពុជា។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ លោក មហាម៉ាត់ ឌុលការីម បានសម្ដែងអបអរសាទរដល់ប្រជាជនកម្ពុជា មានថ្នាក់ដឹកនាំជាទីគោរព ជាគំរូ និងមានភាពប្រាកដនិយម ក្នុងការដឹកនាំកម្ពុជាឲ្យទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

លោក បានបន្ថែមថា ប្រទេសអារ៉ាប់ប៊ីសាអូឌីត រីករាយណាស់ជាមួយការគោរព និងស្រឡាញ់ ការដឹកនាំរបស់ សម្ដេចតេជោ ហើយនឹងយកបទពិសោធន៍ពីកម្ពុជាទៅចែករំលែក នៅតាមវេទិកាផ្សេងៗ និងជាមួយថ្នាក់ដឹកនាំដទៃទៀត អំពីការដឹកនាំ ដែលផ្ដល់ជូនប្រជាពលរដ្ឋ នូវសេរីភាព និងក្តីស្រឡាញ់តាមការអភិវឌ្ឍជាក់ស្ដែង ។ 

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះពាក្យពេចន៍ដ៏ល្អ របស់លោក មហាម៉ាត់ អាប់ឌុលការីម ហើយ សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា «សុខដុមនិយកម្មជាតិសាសន៍ និងសាសនា គឺមានសារៈសំខាន់ណាស់»។

សម្ដេចតេជោ បានបន្ដទៀតថា ប្រទេសមួយអាចទទួលបាន នូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ត្រូវមានភាពអត់ឱន និងសុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា ត្រូវខិតខំធ្វើយ៉ាងណា កុំឲ្យមានភាពលំអៀង និងមិនអាចយកច្បាប់ និងវិធានរដ្ឋបាលគ្រប់គ្រងជំនឿរបស់ប្រជាជនបានទេ ផ្ទុយទៅវិញ ត្រូវមានគោលនយោបាយ និងវិធីសាស្រ្តដើម្បីបំពេញបន្ថែម បង្កលក្ខណៈឲ្យមានការរីកចម្រើន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ