ព្រះសីហនុ៖ មានត្រីផ្សោតសមុទ្រធំមួយក្បាល ងាប់អណ្តែតមកលើឆ្នេរព្រែកត្រែង ក្នុងភូមិសាស្ត្រ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីមុនព្រឹកព្រលឹមថ្ងៃ១៤ តុលា ២០២១ ។ក្រោយទទួលសេចក្តីរាយការណ៍អំពីករណីនេះ នៅថ្ងៃដដែល មន្រ្តីជំនាញជលផល នៃខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចុះពិនិត្យមើលត្រីផ្សោត១ក្បាលដែលងាប់នេះ ហើយបានបញ្ជាក់ថា ត្រីផ្សោតសមុទ្រមួយក្បាលដែលងាប់នេះមានទង្ងន់ ប្រហែលជាង១០០គីឡូ ក្រាមមាន បណ្តោយ ១.៨០ម៉ែត្រនិង ទទឹង ០.៨០ម៉ែត្រ ជាប្រភេទផ្សោតច្រមុះដបចំពុះវែង(common bottlenose) ។ 

បើតាមមន្ត្រីជលផលដដែលថា ត្រីផ្សោតប្រភេទនេះ រស់នៅតំបន់កោះព្រីង ឆ្នេរខែម មុខរាម និងនៅប្រជុំកោះរ៉ុង ជាប្រភេទសត្វកម្រត្រូវការពារ អភិរក្ស ដោយអនុក្រឹត្យលេខ១២៣ អ.ន.ក្រ ។ យោងតាមការពិនិត្យជាក់ស្តែង មន្ត្រីជំនាញបានសន្និដ្ឋាន ថាត្រីផ្សោតនេះ ងាប់ដោយសារជាប់មងរបស់ប្រជានេសាទ ហើយបច្ចុប្បន្នមន្រ្តីជំនាញកប់ត្រីនេះ តាមបច្ចេកទេស៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ