ចិន ប្រកាសផ្តល់ជំនួយមនុស្សធម៌ ២០លានយ៉ន់ ដល់កម្ពុជា ដើម្បីស្តារឡើងវិញនូវការខូចខាត និងជួយសម្រួលទុក្ខលំបាករបស់ពលរដ្ឋ ដែលរងគ្រោះពីការប៉ះទង្គិចគ្នានៅព្រំដែន
ភ្នំពេញ ៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួន ២០លានយ៉ន់ ដល់កម្ពុជា ដើម្បីជួយស្តារឡើងវិញនូវការខូចខាត និងជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះពីការប៉ះទង្គិចគ្នានៅព្រំដែនរវាងកងទ័ពកម្ពុជា និងថៃ។
ក្រោយពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាល វិលត្រឡប់មកមាតុភូមិកម្ពុជាវិញ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃបូក នៅទីក្រុងធានជីន ប្រទេសចិន នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យសម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានបញ្ជាក់ថា មិត្តចិន គាំទ្រចំពោះកម្ពុជា ក្នុងការកសាង និងការពង្រឹងសមត្ថភាព អភិវឌ្ឍន៍ដោយម្ចាស់ការលើខ្លួនឯង និងគាំទ្រកម្ពុជា ក្នុងការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន។
លោក មាស សុភ័ណ្ឌ គូសបញ្ជាក់ថា «ទន្ទឹមនឹងនេះ ឯកឧត្តម ប្រធានាធិបតី ក៏បានប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួន ២០លានយ៉ន់ ដល់កម្ពុជា ដើម្បីជួយស្តារឡើងវិញនូវការខូចខាត និងជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធកាលចុងខែកក្កដា កន្លងទៅ»។
លោក មាស សុភ័ណ្ឌ បន្ដថា ប្រទេសចិន គាំទ្របទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ គាំទ្រយន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ាន និងគាំទ្រការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយប្រទេសម៉ាឡេស៉ីឱ្យបានឆាប់រហ័សឱ្យបានឆាប់រហ័ស។
សូមរំលឹកថា ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូល នៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជួបប្រជុំការងារទ្វេភាគីជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន៕