ជីវប្រវត្ដិនិងការសិក្សាលោកស្រីSanna Marinមានឈ្មោះពេញថាSanna Mirella Marin កើតនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៨៥ នៅក្នុងទីក្រុងHelsinkiប្រទេសហ្វាំងឡង់ បច្ចុប្បន្នមានវ័យ៣៤ឆ្នាំ។ លោកស្រីធ្លាប់បានរស់នៅក្នុងទីក្រុងEspooនិងទីក្រុងPirkkala មុនផ្លាស់មកទីក្រុងTampere។ ឪពុកម្ដាយលោកស្រីបានចែកផ្លូវគ្នាតាំងពីលោកស្រីនៅវ័យក្មេង។ គ្រួសាររបស់លោកស្រីជាគ្រួសារជួបវិបត្ដិហិរញ្ញវត្ថុ ពោលគឺខ្វះខាតថវិកាខណៈឪពុកជាមនុស្សញៀនស្រាថែមទៀត។ ក្រោយពេលឪពុកម្ដាយចែកផ្លូវគ្នាលោកស្រីMarinបានទៅរស់នៅជាមួយម្ដាយរហូតដល់ធំពេញវ័យ។ 

ទាក់ទងនឹងការសិក្សាលោកស្រីSanna Marin បានបញ្ចប់ការសិក្សានៅវិទ្យាល័យPirkkalaក្នុងឆ្នាំ២០០៤ក្នុងវ័យ១៩ឆ្នាំ។ លោកស្រីក៏បានចូលរួមក្នុងអង្គការយុវជនប្រជាធិបតេយ្យសង្គមក្នុងឆ្នាំ២០០៦ ហើយធ្វើជាអនុប្រធានអង្គការលើកដំបូងពីឆ្នាំ២០១០ដល់២០១២។ លោកស្រីក៏ធ្វើការជាអ្នកគិតលុយ នៅក្នុងហាងលក់នំបុ័ងចន្លោះពេលកំពុងសិក្សាផងដែរ ហើយលោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រនិងអនុបណ្ឌិតវិទ្យាសាស្ដ្ររដ្ឋបាល នៅសាកលវិទ្យាល័យTampere។

 

ការប្រឡូកក្នុងឆាកនយោបាយពាក់ព័ន្ធនឹងអាជីពនយោបាយរបស់លោកស្រីSanna Marin លោកស្រីបានប្រឡូកតាំងពីវ័យប្រមាណ២០ឆ្នាំមកម៉្លេះ គឺនៅឆ្នាំដែលលោកស្រីបានបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យ ដោយចាប់ផ្ដើមចូលរួម ជាមួយអង្គការយុវជនប្រជាធិបតេយ្យសង្គម។ លោកស្រីបានធ្វើយុទ្ធនាការមួយសម្រាប់អាសនៈក្រុមប្រឹក្សាក្រុងTampere  ជាទីក្រុងដែលលោកស្រីរស់នៅ ប៉ុន្ដែយុទ្ធនាការនេះមិនជោគជ័យទេ។ យ៉ាងណាមិញនៅក្នុងការបោះឆ្នោតឆ្នាំ២០១២ ស្ថិតក្នុងវ័យ២៧ឆ្នាំលោកស្រីត្រូវបានជ្រើសរើសជាក្រុមប្រឹក្សាក្រុងTampere ជារបកគំហើញដ៏លេចធ្លោមួយនៅក្នុងអាជីពនយោបាយរបស់លោកស្រី។ ក្នុងរយៈពេលប៉ុន្មានខែប៉ុណ្ណោះលោកស្រីក៏បានក្លាយជាប្រធានក្រុមប្រឹក្សាក្រុង ដែលបម្រើការពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៧។ នៅឆ្នាំ២០១៧លោកស្រីត្រូវបានជ្រើសរើសជាក្រុមប្រឹក្សាក្រុងម្ដងទៀត។ 

លោកស្រីMarinក៏ត្រូវបានបោះឆ្នោតជ្រើសរើសជាអនុប្រធានទីពីរ នៃគណបក្សសង្គមប្រជាធិបតេយ្យ ផងដែរក្នុងឆ្នាំ២០១៤។ ក្នុងឆ្នាំ២០១៥លោកស្រីត្រូវបានជ្រើសរើសជាសមាជិកសភាហ្វាំងឡង់ ក្នុងនាមជាសមាជិកសភាមកពីមណ្ឌលបោះឆ្នោតPirkanmaaស្ថិតក្នុងទីក្រុងTampere។ បួនឆ្នាំក្រោយលោកស្រីត្រូវបានជ្រើសរើសជាសមាជិកសភាម្ដងទៀត។ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ លោកស្រី បានក្លាយជារដ្ឋមន្ដ្រីនៃក្រសួងដឹកជញ្ជូននិងទំនាក់ទំនងរបស់ហ្វាំងឡង់។

ចំពោះការចូលកាន់តំណែងនាយករដ្ឋមន្ដ្រី នៅខែធ្នូ ឆ្នាំ២០១៩ លោកស្រីMarinត្រូវបានតែងតាំងដោយគណបក្សសង្គមប្រជាធិបតេយ្យ  ដើម្បីឲ្យស្នងតំណែងនាយករដ្ឋមន្ដ្រីជំនួសលោកAntti Rinneដែលចុះចេញពីតំណែង ដោយសារតែគណបក្សបាត់បង់ទំនុកចិត្ដ ជុំវិញការដោះស្រាយបញ្ហាកូដកម្ម។ លោកស្រីMarinត្រូវបានគេពេញចិត្ដខ្លាំងជាងគូប្រជែងគឺលោកAntti Lindtman ដោយទទួលបានការគាំទ្រភាគច្រើននៅក្នុងការបោះឆ្នោត។ លោកស្រីដឹកនាំរដ្ឋាភិបាលដែលបង្កើតឡើងដោយសម្ព័ន្ធគណបក្សចំនួន៥  ហើយក្នុងនោះមានរដ្ឋមន្ដ្រី១២រូបក្នុងចំណោម១៩រូបនៅក្នុងគណរដ្ឋមន្ដ្រីគឺជាស្ដ្រី។ លោកស្រីគឺជាមេដឹកនាំស្ដ្រីទីបីរបស់ហ្វាំងឡង់ បន្ទាប់ពីលោកស្រីAnneli Jäätteenmäkiនិងលោកស្រីMari Kiviniemi។ លោកស្រីបានក្លាយជានាយករដ្ឋមន្ដ្រីត្រឹមវ័យ៣៤ឆ្នាំប៉ុណ្ណោះ ជានាយករដ្ឋមន្ដ្រីវ័យ ក្មេងបំផុតក្នុងលោក និងក្មេងបំផុតក្នុងប្រវត្ដិសាស្ដ្រហ្វាំងឡង់។

ទោះបីជាលោកស្រីមានវ័យក្មេង និងមានបទពិសោធន៍នយោបាយតិចតួច ប៉ុន្ដែភាពខ្លាំងរបស់លោកស្រីគឺភាពឈ្លាសវៃ ពោរពេញដោយសមត្ថភាព ព្រមទាំងមានការទទួលខុសត្រូវខ្ពស់។ ក្រោយចូលកាន់តំណែង លោកស្រីបានប្ដេជ្ញានឹងសម្របសម្រួលភាពចម្រូងចម្រាស ដែលផ្ទុះឡើងក្នុងអឡុងពេលនាយករដ្ឋមន្ដ្រីមុនកាន់តំណែង ហើយនឹងបន្ដដឹកនាំរដ្ឋាភិបាលដែលមានស្រាប់ បម្រើតាមឆន្ទៈប្រជាជននិងប្រទេសជាតិ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ