អង្គការ WWFបានបង្ហាញការសោកស្តាយ បន្ទាប់ពីមានសត្វផ្សោតមួយក្បាល ត្រូវបានប្រទះឃើញថាស្លាប់នៅក្នុងឃុំរកាខ្នុរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ។សាកសពសត្វផ្សោតនេះត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតនៅតាមដងទន្លេរ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។

បន្ទាប់ពីទទួលបានដំណឹងនេះ មន្ត្រីរបស់អង្គការ WWF និងមន្ត្រីជំនាញនៃរដ្ឋបាលជលផលបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យសាកសព ដោយសសន្មត់ថាផ្សោតនេះស្លាប់២ថ្ងៃហើយ ។សត្វផ្សោតដែលមានអាយុ៧ថ្ងៃនេះ មានទម្ងន់១២គីឡូក្រាម និងមានប្រវែង១០៣ សង់ទីម៉ែត្រ។ចំពោះព័ត៌មានបឋមសត្វផ្សោតនេះមិនបានរកឃើញស្នាមរបួស លើរាងកាយ ឬការជាប់មងនេសាទទេ ហើយការពិនិត្យនៅតែពុំទាន់អាចរកឃើញថាសត្វផ្សោតនេះស្លាប់ដោយសារមូលហេតុអ្វីនៅឡើយ ដែលជាកត្តាធ្វើឱ្យអ្នកជំនាញ មានការព្រួយបារម្ភយ៉ាងខ្លាំងសមរាប់ការស់រានរបស់សត្វផ្សោតនេះទៅថ្ងៃអនាគត។

បច្ចុប្បន្នក្រុមជំនាញបានផ្ទេរសាកសពសត្វផ្សោតនេះទៅរក្សាទុកនៅទីតាំងសមស្របមួយ ដើម្បីបន្តការធ្វើការអង្កេតវិភាគបន្ថែមទៀតក្នុងគោលបំណងស្វែងរកមូលហេតុនៃការស្លាប់ឱ្យបានជាក់លាក់។

អង្គការ WWFជាមួយគ្នានេះ នៅតាមបង្ហាញការព្រួយបារម្ភចំពោះការបាត់បង់សត្វផ្សោតជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា ដោយសារតែការជប់មងនេសាទ ការប្រើឧបករណ៍ច្បាប់ហាមឃាត់សុទ្ធសឹងតែជាមូលហេតុចំបងៗដែលបណ្តាលអោយសត្វផ្សោតពេញវ័យស្លាប់។

គួរបញ្ជាក់ថា ស្របតាមរបាយការណ៍នៃការជំរឿនចុងក្រោយ សត្វផ្សោតទន្លេមេគង្គបានបង្ហាញថា សត្វផ្សោតនៅត្រឹមតែ ៨៩ក្បាលប៉ុណ្ណោះដែលកំពុងរស់នៅក្នុងដងទន្លេមេគង្គកម្ពូជា៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ