ភ្នំពេញ ៖ ដោយមើលឃើញការប្រើប្រាស់បណ្តាញសង្គមតិកតុកខ្មែរ (TikTok) មិនត្រឹមត្រូវដោយការប្រើប្រាស់ពាក្យចំអាសច្រើនហួសហេតុពេក ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជាបានសម្តែងការហួសចិត្ត និងស្នើដល់ម្ចាស់គណនីជាស្ត្រីបញ្ឈប់ការប្រើប្រាស់ពាក្យអាសក្រាមខ្លាំង។
ក្នុងពិធីសំណេះសំណាល ជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំសង្កេតឃើញថា ក្មួយៗស្ត្រីខ្មែរមួយចំនួន ដូចជាអាសអាភាសពេកទេដឹង? ខ្លះចេញមកចំអេះចំអាស់តែម្តង»។
សម្តេចតេជោ បន្តថា អ្នកខ្លះចេញមកប្រើប្រាស់ពាក្យថា «គ្មានអីស្រួលជាង» រួចសម្តេច ក៏បន្តថា សម្តេចសុំ និយាយប៉ុណ្ណឹងមិនបាច់ពោលដល់ ឃ្លាខាងចុងបន្តទេ គឺគេដឹងហើយថា វាយ៉ាងម៉េចនោះ។
សម្តេច បន្តថា «អង្វរកចំពោះនាងៗក្មួយៗ ដូចខ្លះ និយាយត្រង់ៗទៅចំចំណុចហ្នឹងតែម្តង» ដូច្នេះសម្តេចអង្វរកនិងសុំបញ្ឈប់ការប្រើប្រាស់ពាក្យចំអេះចំអាសចំៗពេក។ តែយ៉ាងណាមិញ សម្តេចបញ្ជាក់ថា «យើងគ្មានផែនការបិទតិកតុកទេ លេងចុះ តែវាមិនមែនជាមធ្យោបាយសម្រាប់យកមកនិយាយចំអាសចំអូងទេ»៕EB