គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈអាចបើកដំណើរការឡើងវិញហើយ
រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ បើយោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ផ្ញើជូនទៅលោករដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានយល់ព្រមជាគោលការណ៍ដោយអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនូវរោងជាង បន្ទប់ពិសោធន៍ មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព និងការប្រឡងបញ្ចប់ ការពារសារណា ឬ និក្ខេបបទ បញ្ចប់ការសិក្សា នៅតាមគ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដោយត្រូវអនុវត្ដតាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការនានារបស់ក្រសួងសុខាភិបាលពាក់ព័ន្ធនឹងការបង្ការ និង ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
សូមបញ្ជាក់ថាការយល់ព្រមអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនេះ បន្ទាប់ពីសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងវិជ្ជាជីវៈកាលពីថ្ងៃទី១៣ ខែកក្កដា បានស្នើសុំរដ្ឋមន្ត្រីក្រសួងការងារ ដើម្បីបើកដំណើរការគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឡើងវិញ បន្ទាប់ពីបានផ្អាកមួយរយៈ ដោយសារការរាតត្បាតនៃវីរុសកូវីដ១៩។
គួររំលឹកផងដែរថាក្រៅតែពីការសម្រេចឲ្យបើកដំណើរការឡើងវិញនូវរោងជាង បន្ទប់ពិសោធន៍ មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព និងការប្រឡងបញ្ចប់ ការពារសារណា ឬនិក្ខេបបទបញ្ចប់ការសិក្សា នៅតាមគ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចឲ្យបើកក្លឹបកម្សាន្ត និងKTV អាចបើកអាជីវកម្មឡើងវិញបាន ប៉ុន្តែត្រូវប្តូរទៅជាភោជនីយដ្ឋាន និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ចំពោះវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការការពារជំងឺកូវីដ១៩។ ម្យ៉ាងវិញទៀតទាំងសាលារៀនក៏នឹងត្រូវបើកឲ្យដំណើរការឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះដែរ គឺបើកជាបីដំ ណាក់កាល គឺទៅតាមសាលាមានស្ដង់ដាខ្ពស់ ស្ដង់ដាមធ្យម និងស្ដង់ដាអប្បបរមា៕SP