ខេត្តកំពង់ចាម មានរមណីយដ្ឋានចំនួន ១២កន្លែង ប៉ុន្តែក្នុងនោះរមណីយដ្ឋានដែលមានសក្តានុពលគឺមានត្រឹមតែ ៦កន្លែងតែប៉ុណ្ណោះ ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកំសាន្តច្រើនជាងគេ។

បើតាមលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី«វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកំពង់ចាម» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០នេះថា រមណីយដ្ឋានសក្តានុពលទាំង ៦កន្លែងនោះរួមមាន៖ភ្នំប្រុសភ្នំស្រី នគរបាជ័យ ភ្នំហាន់ជ័យ ភ្នំជើងព្រៃ ទឹកឆា និងរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន..បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តកំពង់ចាម។

បានញ្ជាក់ថា ទាក់ទងទៅនឹងចំនួនភ្ញៀវទេសចរណ៍ដែលបានទៅលេងកំសាន្តនៅតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្តកំពង់ចាម កាលពីអំឡុងឆ្នាំ២០១៩កន្លងទៅគឺមានចំនួន ៦៨២,៩៨៤នាក់ ដែលមានចំនួនកើនឡើងជាងឆ្នាំ២០១៨ ចំនួន ៣១ភាគរយ។

របាយការណ៍ដដែល បានបង្ហាញឲ្យដឹងបន្ថែមថា ចំពោះសណ្ឋាគារ ផ្ទះសំណាក់ បង់ហ្គាឡូបែមបូរីស៊ត គឺមានចំនួន ១២២កន្លែង ស្មើនឹង២,១៨៧ ដែលក្នុងេនោះ សណ្ឋាគារមានចំនួន ១៨កន្លែង ផ្ទះសំណាក់ ១០៤កន្លែង បង់ហ្គាឡូបែមបូរីស៊ត ១កន្លែង ភោជនីយដ្ឋាន ១២កន្លែង និងអាហារដ្ឋាន ១០៥កន្លែង។

ទាក់ទងទៅនឹងវិស័យទេសចរណ៍ ក្នុងខេត្តកំពង់ចាមនេះដែរ ត្រូវបានលោកអភិបាលខេត្តបញ្ជាក់ដែរថា អំឡុងពេលដែលពិភពលោក ក៏ដូចជាកម្ពុជា បានទទួលរងនូវការរាតត្បាតពីជំងឺកូវីដ ១៩ សណ្ឋាគារមួយចំនួនបានបិទទ្វារ ព្រោះតែគ្មានភ្ញៀវទេសចរ ហើយផ្នែកសេវាកម្មចំណីអាហារ ក៏រងផលប៉ះពាល់ផងដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ