ក្រសួងទេសចរណ៍បានអនុញ្ញាតឲ្យម្ចាស់ និងអ្នកគ្រប់គ្រងទីលានវាយកូនហ្គោល អាចរៀបចំជាព្រឹត្តិការណ៍ ឬការប្រកួតដណ្ដើមពានរង្វាន់កីឡាវាយកូនហ្គោលឡើងវិញបានជាជំហ៊ានៗ តែមិនឱ្យលើសពី១០០នាក់ឡើយ។ ទាំងនេះគឺដើម្បីធានាបាននូវសុវត្ថិភាព និងស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩រលកទី២។ ដោយ៖ ស៊ូ សូរិយា
ដោយយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ស្ដីពីការដាក់ឱ្យដំណើរការឡើងវិញនូវវិស័យកីឡាជាជំហ៊ានៗ ក្រសួងទេសចរណ៍នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងដោយបានអនុញ្ញាតឲ្យម្ចាស់ និងអ្នកគ្រប់គ្រងទីលានវាយកូនហ្គោលអាចរៀបចំជាព្រឹត្តិការណ៍ ឬការប្រកួតដណ្ដើមពានរង្វាន់កីឡាវាយកូនហ្គោលឡើងវិញបានជាជំហ៊ានៗ។ ប៉ុន្តែយ៉ាងណាមិញ ក្រសួងទេសចរណ៍ក៏បានបញ្ជាក់ជាដាច់ខាតថា ម្ចាស់និងអ្នកគ្រប់គ្រងទីលានវាយកូនហ្គោលទាំងអស់ត្រូវតែអនុវត្តន៍ទៅតាមលក្ខខណ្ឌសុវត្ថិភាពមួយចំនួនដែលក្រសួងបានដាក់ចេញដូចជា៖
១. ការរៀបចំជាព្រឹត្តិការណ៍ ឬការប្រកួតដណ្ដើមពានរង្វាន់កីឡាវាយកូនហ្គោល មិនអនុញ្ញាតិឱ្យមានចំនួនកីឡាករ និងគណៈកម្មការរៀបចំការប្រកួតច្រើនលើសពី១០០នាក់ក្នុងពេលតែមួយឡើយ និងមិនអនុញ្ញាតិឱ្យមានទស្សនិកជននោះទេ។
២. រាល់ការរៀបចំជាព្រឹត្តិការណ៍ និងការប្រកួតត្រូវគោរពតាមនិយាមបច្ចេកទេស ដើម្បីធានាបានសុវត្ថិភាព។
៣. ត្រូវរៀបចំបាញ់ទឹកអាល់កុលសម្លាប់មេរោគនៅច្រកចូល និងត្រួតពិនិត្យកម្ដៅបុគ្គលិកបម្រើការ កីឡាករមុនអនុញ្ញាតឱ្យចូលក្នុងបរិវេណទីលានវាយកូហ្គោល។
៤. ត្រូវរក្សាគម្លាតសុវត្ថិភាពស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល (យ៉ាងតិច១.៥០ម៉ែត្រ) និងធ្វើការសម្អាតឧបករណ៍វាយកូនហ្គោលទាំងអស់ជាមួយទឹកអាល់កុលជាប្រចាំ មុនពេល អំឡុងពេលនិងក្រោយពេលប្រើប្រាស់ ដើម្បីសម្លាប់មេរោគ និងហាមចាប់ដៃស្វាគមន៍ ត្រូវជំនួសដោយការលើកដៃសំពះគ្នាទៅវិញទៅមក។
៥. បុគ្គលិកត្រូវពាក់ម៉ាសឱ្យបានត្រឹមត្រូវគ្រប់ពេលវេលា និងធ្វើការត្រួតពិនិត្យជូតសម្អាតសម្ភារៈឧបករណ៍វាយកូនហ្គោលទាំងអស់ជាមួយទឹកអាល់កុលមុនពេលដាក់ចូលទៅក្នុងរថយន្តវាយកូនហ្គោល (Golf Cart).
៦. ត្រូវរៀបចំទីលានវាយកូនហ្គោល និងគ្រប់គ្រងការរៀបចំព្រឹត្តការណ៍ ឬការប្រកួតដណ្ដើមពានរង្វាន់កីឡាវាយកូនហ្គោលឱ្យបានត្រឹមត្រូវតាមវិធាន និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីធានាបាននូវសុវត្ថិភាពក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩រលកទី២៕
អត្ថបទទាក់ទង
-
ក្រសួងទេសចរណ៍ រៀបចំស្តង់ដាអាជីវកម្មទេសចរណ៍ថ្មីក្នុងសម័យកូវីដ