ក្មេងតូចម្នាក់បានស្លាប់បាត់បង់ជីវិតគួរឲ្យអាសូរ ដោយសារលង់ទឹកធុងនៅក្នុងបង្គន់ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦ល្ងាច ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ។ នាងតូចមានឈ្មោះ ស៊ីថា នីកា ភេទស្រី អាយុ ១ឆ្នាំ៨ខែ ជនជាតិខ្មែរ មានឪពុកឈ្មោះ ជួប ស៊ីថា អាយុ ២៥ឆ្នាំ និងម្តាយឈ្មោះ ចិន្តា ចន្ទី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុឈ្មោះ ចិន្តា ចន្ទី ភេទស្រី ជាម្តាយរបស់នាងតូច កំពុងតែមើលកូនតូចនៅក្នុងផ្ទះ ស្រាប់តែនាងតូចបានចេញមករត់លេងខាងក្រៅផ្ទះដូចសព្វដង ដោយនៅជិតនោះសុទ្ធតែផ្ទះបងប្អូន ។ រហូតដល់វេលាម៉ោង០៦ និង០០នាទីល្ងាច ដោយមិនឃើញនាងតូច បងប្អូនក៏នាំគ្នាដើររក ហើយឈ្មោះ ជ័យ ស្រីអូន ជាបងប្អូនជីដូនមួយ ដែលមានផ្ទះជាប់គ្នាចំហៀងខាងកើត បានទៅមើលក្នុងបន្ទប់ទឹករបស់ខ្លួន ក៏ស្រាប់តែឃើញនាងតូចនៅក្នុងធុងដាក់ទឹកក្នុងបង្គន់ ច្រមុជក្បាលបាស់ជើងឡើងលើ ហើយបានស្រង់នាងតូចមកធ្វើចលនា និងយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាល តែនាងតូចបានស្លាប់បាត់បង់ជីវិតទៅហើយរួចរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់ បន្ទាប់មក ផ្នែកជំនាញសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ ឃើញថាសាកសពមានសភាពពោះតឹង មានទឹកហូរចេញតាមមាត់និងច្រមុះក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ ។

តាមការសន្និដ្ឋានបញ្ជាក់ថា នាងតូចបានស្លាប់បាត់បង់ជីវិត ដោយសារលង់ទឹកប្រាកដមែន ក្រោយពេលពិនិត្យរួចបានប្រគល់សាកសពនាងតូចឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ